Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​នាំ​អង្ក​រស ទៅ​ក្រៅប្រទេស មិន​ប៉ះពាល់​ដល់​អាជីវកម្ម​ពួកគេ​ទេ ព្រោះ​អាច​នាំចេញ​អង្ករ​ប្រភេទ​ក្រអូប តាម​តម្រូវការ​ច្រើនជាង​មុន​

​បាត់ដំបងៈ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​ខេត្តបាត់ដំបង បាន​និយាយ​លើកឡើងថា ទោះបី​រាជរដ្ឋាភិបាល បានប្រកាស​ផ្អាក​ការនាំ​អង្ក​រស ទៅ​ក្រៅប្រទេស​មួយរយៈ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ មិន​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់ ដល់​អាជីវកម្ម​របស់​ពួកគេ​ទេ ព្រោះ​អាច​នាំចេញ​អង្ករ​ប្រភេទ​ក្រអូប​បាន ហើយ​មាន​តម្រូវការ​ច្រើនជាង​មុន​។​

​លោក រេ​ត រដ្ឋា ប្រធាន​ក្រុមហ៊ុន​ហ្គោល​ដិ​ន​ស្ដារ បាន​មានប្រសាសន៍ថា ទីផ្សារ​របស់​ក្រុមហ៊ុន​ភាគច្រើន នាំ​ចេញទៅ​ប្រទេស​ចិន និង​សហគមន៍​អឺរ៉ុប ដែលមាន​នាំ​ទាំង​អង្ករ​ប្រភេទ ស និង​ប្រភេទ​ក្រអូប ខណៈ​កំពុងមាន​ការរីក​រាល​ដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំង​ពិភពលោក ធ្វើ​ឲ្យ​តម្រូវការ​អង្ករ កាន់តែច្រើន និង​មានការ​ស្នើសុំ​ទិញ​ច្រើនជាង​មុន​។ ក្នុង​រយៈពេល នៃ​ការប្រកាស​ផ្អាក របស់​រាជរដ្ឋាភិបាល មួយរយៈ​ក្នុង​ការនាំ​អង្ក​រស ចេញទៅ​ក្រៅប្រទេស​នោះ គឺ​មិនមាន​ផលប៉ះពាល់​អ្វី​នោះទេ ដោយសារ​នៅ​អនុញ្ញាត ការនាំចេញ​អង្ករ​ប្រភេទ​អូ​ប​។ ប៉ុន្មាន​ថ្ងៃនេះ រាជរដ្ឋាភិបាល បានប្រកាស​ឲ្យ​នាំចេញ​វិញ​នោះ ក្រុមហ៊ុន​ក៏​ចាប់ផ្ដើម​ទទួល​ការ​កុម្ម៉ង់​ជា​បន្តបន្ទាប់​។​

លោក ឡាយ សែ ម្ចាស់​រោង​ម៉ាស៊ីន​ឡាយ​សែ បាន​មានប្រសាសន៍ថា ក្នុង​មួយឆ្នាំៗ​ក្រុមហ៊ុន បាន​នាំ​អង្ករ​ទៅ​ក្រៅប្រទេស ប្រមាណ​៥​ទៅ​៦​ម៉ឺន​តោន ជាប់​ចំណាត់ថ្នាក់​លេខ​២ នៅក្នុង​ខេត្តបាត់ដំបង ក្នុងនោះ​មាន​ទីផ្សារ​នៅ​អឺរ៉ុប និង​នៅ​អាស៊ី​។ មាន​លក់​តិចតួច​នៅក្នុង​ស្រុក ហើយ​ចាប់តាំងពី​មានការ​ឆ្លង​រីក​រាលដាល​ខ្លាំង នៃ​ជំងឺ​កូ​វីដ​១៩ ម៉ូយ​ទាំងឡាយ បានចាប់ផ្ដើម​ប្រមូល​ទិញ​អង្ករ ខុសពី​រាល់​ឆ្នាំ និង​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន មិនអាច​ទទួល​ការ​កុម្ម៉ង់​បន្ថែម​ទេ ព្រោះ​អង្ករ​ជិត​អស់ និង​មិនទាន់​ដល់​រដូវ​ទិញស្រូវ​ផង​។​

​ទោះបីយ៉ាងណា​ក្រុម​អ្នក​នាំ​អង្ករ ទៅ​ក្រៅប្រទេស បាន​បញ្ជាក់ថា សម្រាប់​អង្ករ​ទុក​ផ្គត់ផ្គង់ ពលរដ្ឋ​ក្នុងប្រទេស​នាពេលនេះ មិនមាន​ការខ្វះខាត​នោះទេ ព្រោះ​រាជរដ្ឋាភិបាល បាន​ណែនាំ​ឲ្យ​តាម​រោង​ម៉ាស៊ីនកិនស្រូវ ត្រៀម​ទុក​ផងដែរ​៕

ដោយៈ អ៊ុង​សា​រុំ​