ព្រះសីហនុ ៖ ក្នុងដំណើរអញ្ជើញចុះពិនិត្យពីវឌ្ឍនភាព នៃការស្ថាបនាផ្លូវក្នុងគម្រោងទាំង ៣៤ខ្សែ ទូទាំងខេត្តព្រះសីហនុ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា តាមរយៈការកសាងប្រព័ន្ធផ្លូវនៅខេត្តព្រះសីហនុ នឹងធ្វើឲ្យខេត្តនេះ កាន់តែមានភាពទាក់ទាញ និងការទទួលបានការអភិវឌ្ឍថ្មីៗបន្ថែមទៀត ស្របតាមបំណងដ៏មុតស្រួចរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសត្រូវស្ថាបនាផ្លូវទាំងអស់ តាមការចង់បានរបស់សម្តេចតេជោ។
នៅព្រឹកថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២០ នេះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយថ្នាក់ដឹកនាំកំពូលៗជាច្រើនរូប បានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្នុងគំរោងទាំង ៣៤ខ្សែ ទូទាំងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងកោតសរសើរយ៉ាងខ្លាំងងក្លា ចំពោះសមិទ្ធផលផ្លូវថ្នល់ លូទឹក ដែលកំពុងលេចឡើង នៅខេត្តព្រះសីហនុ។ សម្តេចចាត់ទុកថា នេះជាស្នាដៃជាប្រវត្តិសាស្ត្រ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍនៅខេត្តព្រះសីហនុ ឲ្យកាន់តែមានការទាក់ទាញបន្ថែមទៀត ស្របតាមចក្ខុវិស័យនៃរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឲ្យក្លាយទៅជាខេត្តបំពង់កសេដ្ឋកិច្ច ឬខេត្តនៃកំណើនសេដ្ឋកិច្ចជាតិ។
ជាមួយនេះ សម្តេចពិជ័យសេនា ក៏បានកោតសរសើរផងដែរ ចំពោះកងវិស្វកម្ម និងក្រុមហ៊ុន ធ្វើផ្លូវដទៃទៀត ដែលបានយកចិត្តទុកដាក់ ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នាល់ទាំងនេះ ស្របតាមលក្ខខណ្ឌដែលបានសន្យា ជាមួយគណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។
“កងវិស្វកម្ម វិស្វករ ក្រុមហ៊ុន និងអាជ្ញាធរខេត្តព្រះសីហនុ ត្រូវអនុវត្តតាមអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោ ធ្វើយ៉ាងណាលើកកម្ពស់ខេត្តព្រះសីហនុ ឆ្លើយតបប្រកបដោយសោភ័ណភាព សមស្របតាមស្តង់ដារមួយ រួមនឹងសំណង់ទាំងឡាយ ដែលកំពុងតែធ្វើជិតហើយនេះ រួមជាមួយនឹងគុណភាព ឆ្លើយតបតាមសំណូមពរចង់បានជាទីបំផុតរបស់សម្តេចតេជោ ។ ជាតិសាសន៍តទៅថ្ងៃមុខ ត្រូវមានអ្វីៗ ឆ្លើយតបទៅតាមរដូវកាលមាតុភូមិរបស់យើង ដើម្បីឈានទៅដល់ការអភិវឌ្ឍជាតិរបស់យើង ” សម្តេចពិជ័យសេនាបានបញ្ជាក់យ៉ាងដូច្នេះ។
ពាក់ព័ន្ធកងយោធពលខេមរភូមិន្ទ ដែលមានតួនាទីការពារជាតិហើយនោះ បានមកជួយកសាងស្ថាបនាផ្លូវក្នុងខេត្តព្រះសីហនុ ត្រូវបានសម្តេចពិជ័យសេនា បានបញ្ជាក់ថា “ចំណុចនេះ វាសំខាន់ណាស់ គឺជាការគិតគូរខាងផ្នែកបច្ចេកទេស និងការគ្រប់គ្រងរបស់គណៈកម្មការជាតិ គ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរ យើងមានអ្នកបច្ចេកទេស ប្រកបដោយប្រសិទ្ធភាព ហើយខ្ញុំបានវាយតម្លៃជាបន្តបន្ទាប់ ។ ចំពោះខ្ញុំមិនវាយតម្លៃ និងជឿជាក់លើការងារនេះទេ ប៉ុន្តែលើស្មារតីនេះ ខាងកងយោធពលខេមរភូមិន្ទ គឺច្បាស់ណាស់ ចូលរួមចំណែក តាមការកំណត់ និងតាមការវាយតម្លៃ និងការជ្រើសរើស របស់ថ្នាក់ដឹកនាំ បានប្រគល់ភារកិច្ច និងចែកទំហំការងារ ដល់កងយោធពលខេមរភូមិន្ទ ជាពិសេសកងវិស្វកម្មមួយចំនួន មកបំពេញការងារនេះ គឺជាមោទនភាពមួយធំណាស់ ។ កងទ័ព ក្រៅពីធ្វើការកិច្ចការផ្សេងៗ ការរួមចំណែកអភិវឌ្ឍន៍ស្រុកទេស គឺជាផ្នែកមួយដ៏មានសារសំខាន់ណាស់ បានន័យថា គ្រប់កិច្ចការងារទាំងអស់ កងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនរួចជាស្រេច តាមតម្រូវការរបស់ជាតិ មាតុភូមិរបស់យើង យើងបំពេញគ្រប់ពេលវេលាទាំងអស់”។
យោងតាមរបាយការណ៍របស់គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២០ មានរយៈពេល ៦ ខែមកហើយ ចាប់តាំងពីប្រកាសបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ក្រុមហ៊ុនចំនួន៨ បានទទួលសិទ្ធិសាងសង់ទាំង៣៤ខ្សែ ប្រវែងជាង៨២គីឡូម៉ែត្រ។
គិតត្រឹមថ្ងៃទ១៦ ខែឧសភា ឆ្នាំ២០២០ ការងារដាក់លូ សម្រេចបានលទ្ធផល ចំនួន ៩១,៥៦% លឿនជាងផែនការ។ តាមការប៉ាន់ស្មាន អាចបញ្ចប់ក្នុងរយៈពេល ១១ ថ្ងៃខាងមុខ គឺដំណាច់ខែ ខែឧសភា ឆ្នាំ ២០២០។
រីឯការងារចាក់បេតុងសម្រេចបានចំនួន ៨៦,៤៤% នៃការងារជាក់ស្តែង លឿនជាងផែនការចំនួន ៨,១៣% និងអាចបញ្ចប់ក្នុងរយៈពេល ១៥ ថ្ងៃ ខាងមុខ។
ចំពោះលទ្ធផលជារួម នៃការស្ថាបនាផ្លូវក្នុងខេត្តព្រះសីហនុ គិតទាំងការងារគ្រឹះផ្លូវសម្រេចបាន ប្រមាណ ៩០,៦០% លឿនជាងផែនការប្រមាណ ៤,៥% ដោយមិនគិតបញ្ចូលការងារអ៊ុតកៅស៊ូ ការវាយគំនូសសញ្ញាចរាចរណ៍ ដាំដើមឈើ បង្គោលភ្លើង ការរៀបកម្រាលថ្មក្រានីតនោះទេ។
ក្រោយពីចាក់បេតុង និងដាក់លូហើយអស់ នឹងក្រាលកម្រាលការ៉ូឡា ថ្មក្រានីត នៅលើចិញ្ចើមផ្លូវ ដោយមានគន្លងសម្រាប់ជិះកង់ និងថ្មើរជើង។ ដោយឡែកនៅលើទ្រូងផ្លូវ នឹងអ៊ុតកៅស៊ូ AC ពីលើ ដោយមានចែងចែកគន្លងផ្លូវផងដែរ៕
ដោយ៖កូឡាប