ដូចដែលប្រិយមិត្តជាច្រើនបានស្គាល់យ៉ាងច្បាស់ហើយ ចំពោះក្មេងប្រុសតូចល្អិតម្នាក់ឈ្មោះ ហុង ដែលគ្រប់គ្នាហៅថាកំពូលក្មេងពូកែឌឺ បន្ទាប់ពីត្រូវបានប៉ូលីសចាប់ខ្លួន ក្នុងករណីលួចម៉ូតូរ៉ឺម៉កគេ ក្នុងអាយុទើបតែ ៧ ឆ្នាំ ប៉ុណ្ណោះ។
ក្មេងប្រុសរូបនេះ បានល្បីយ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook និង Youtube បន្ទាប់ពីវីដេអូប្លែកៗពីសាក្សីជាច្រើន បានថតបង្ហាញឲ្យឃើញក្មេងប្រុសមុខឌឺរូបនេះ បើករ៉ឺម៉កដ៏ប្រឈមនឹងគ្រោះថ្នាក់នៅលើដងផ្លូវ។ បើទោះគេបានយកទៅឲ្យរៀនសូត្រ អប់រំយ៉ាងណា តែមនុស្សមួយចំនួនថា ក្មេងរូបនេះពុំកែអត្តចរិករបស់ខ្លួននោះទេ ពោលគឺនៅដដែល។
ដោយឡែក ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម បានសម្តែងនូវក្តីអាណិតអាសូរជាខ្លាំង នៅពេលឃើញវីដេអូបុរសម្នាក់បានប្រើអំពីហិង្សាយ៉ាងសាហាវ ទៅលើក្មេងប្រុសរូបនេះ ដោយបានទះមួយកំផ្លៀងយ៉ាងចាស់ដៃ និងលើកជើងឈូសកណ្តាលមុខពីរបីជើងផ្ទួនគ្នា ខណៈកំពុងអង្គុយលើម៉ូតូរ៉ឺម៉ក ដោយសារខឹងជេរម៉ែរបស់ខ្លួន។
ទោះយ៉ាងណា មនុស្សជាច្រើនបានលើកឡើងថា “បើមិនធ្វើអីវា នោះវាក៏មិនមកជេរយើងដែរ មិនគាំទ្រសោះឡើយចំពោះទង្វើហិង្សាមកលើក្មេងដ៏សាហាវបែបនេះ បើទោះជាចរិតវាបែបណាក៏ដោយ គួរណាស់ព្យាយាមអប់រំវាទៅ ទើបជាការប្រសើរ”៕
ដោយ៖ លឹម ហុង