ព្រះសីហនុ៖ មន្ត្រីបានថ្លែងថា នៅព្រឹកថ្ងៃ១៨ ឧសភា ២០២០នេះ មានប្រជាពលរដ្ឋច្រើននាក់ ដែលរស់នៅជាប់ផ្លូវ (ជុំវិញមន្ទីរពេទ្យបង្អែកខេត្ត) ភូមិ៤ សង្កាត់លេខ៤ក្រុងព្រះសីហនុ បានប្រមូលផ្តុំគ្នានៅមុខសាលាខេត្ត និងក្រោយមកបានបន្តដំណើរ មកជួបជុំគ្នានៅសាលាក្រុងព្រះសីហនុ ក្នុងគោលបំណង រកមន្ត្រីពិនិត្យជួយដោះស្រាយ ករណីដែលអាជ្ញាធរជូនដំណឹង ពីការរៀបចំស្ថាបនាពង្រីកផ្លូវនៅតំបន់នោះ ដែលតាមពលរដ្ឋអះអាងថា គម្រោងនេះអាចនឹងប៉ះពាល់មកលើលំនៅដ្ឋានបច្ចុប្បន្ន។
បើតាមមន្ត្រីសាលាក្រុងប្រាប់ថា រដ្ឋបាលក្រុង នឹងជួបពិនិត្យដោះស្រាយបញ្ហានេះតាមនីតិវិធី។
សូមបញ្ជាក់ថា ថ្មីៗនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានចេញសេចជូនដំណឹង ឲ្យពលរដ្ឋដែលមានលំនៅដ្ឋាន ស្របតាមផ្លូវលេខ២០០ រុះរើសំណង់ផ្សេងៗ ទីតាំងអាជីវកម្ម ដែលសាងសង់លើដីចំណីផ្លូវសាធារណៈ ដែលស្ថិតក្នុងគម្រោងនោះ ដើម្បីអាជ្ញាធររៀបចំដាក់លូនិងពង្រីកផ្លូវ ចាប់ពីរង្វង់មូលតោ២ មកតាមក្រោយមន្ទីរពេទ្យខេត្ត រហូតដល់ស្តុប៣៣៣។
មន្ទីរសាធារណការខេត្តព្រះសីហនុ បានស្នើបងប្អូនម្ចាស់លំនៅដ្ឋាន និងម្ចាស់អាជីវកម្មទាំងអស់ ដែលកំពុងរស់នៅ និងប្រកបអាជីវកម្ម លក់ដូររំលោភដីចំណីផ្លូវសាធារណៈ ស្ថតិនៅតាមផ្លូវលេខ២០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ចូលរួមសហការរុះរើសំណង់ ទីតាំងប្រកបអាជីវកម្ម ដែលសាងសង់លើដីចំណីផ្លូវសាធារណៈ វាយខឿនដែលលយ និងខ្ពស់ជាងផ្លូវចោលដោយខ្លួនឯង ដើម្បីទុកជម្រាលផ្លូវសម្រាប់ អ្នកថ្នើរជើង ដើរ និងសម្រាប់សាងសង់ប្រព័ន្ធលីសំខាន់ៗ៕
ដោយ៖កូឡាប