ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្តីពី ការព្យាករណ៍កម្ពស់ទឹកជំនន់ទនេ្លមេគង្គលើកទី១ ប្រចាំឆ្នាំ២០២០។
ការព្យាករណ៍ទឹកជំនន់ទន្លេមេគង្គលើកទី១ប្រចាំឆ្នាំ២០២០នេះ យោងលើស្ថានភាពទឹកទន្លេមេគង្គនាពេលបច្ចប្បន្ន កត្តាអាកាសធាតុ និងការវិភាគលើទំនាក់ទំនងរវាងទឹកអប្បបរមា និងអតិបរមា ព្រមទាំងការវិភាគលើវដ្តទឹក ការព្យាករណ៍លើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់ ចតុមុខ នាឆ្នាំ២០២០នេះ ទឹកអាចនឹងមានកម្ពស់ ៩,៧០ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម នេះបើតាមការបញ្ជាក់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ។
បន្ទាប់ពីបានធ្វើការតាមដាន ព្យាករលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាប់ជូនអំពីការព្យាករណ៍កម្ពស់ទឹកជំនន់ ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២០ គឺស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់ ដោយយោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ និងការព្យាករណ៍តាមរយៈ ENSO Forecast រួចមកឃើញថា ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ បាតុភូត Neutral មាន៦០ភាគរយ បាតុភូត EL Nino មាន១០ភាគរយ និងបាតុភូត La Nina មាន៣០ភាគរយ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យភ្លៀងអាចមានក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងនៅក្នុងអាងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជា។
ក្រសួងដដែល ក៏បានបញ្ជាក់ពីស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប គឺ ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ចាប់ពីដើមឆ្នាំ២០២០ នេះមក មានស្ថានភាពដូចជា ទន្លេមេគង្គស្ទឹងត្រែង ទឹកមានកម្រិតកម្ពស់ទាបជាងឆ្នាំ២០១៩ ប្រមាណ០,៥០ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ០,៣០ម៉ែត្រ។ ទន្លេមេគង្គក្រចេះ ទឹកមានកម្រិតកម្ពស់ទាបជាងឆ្នាំ២០១៩ ដល់ទៅ ១,១២ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៥០ម៉ែត្រ។ ទន្លេមេគង្គកំពង់ចាម ទឹកមានកម្រិតកម្ពស់ទាបជាងឆ្នាំ២០១៩ ដល់ទៅ១,៧២ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,១៤ម៉ែត្រ។ រាជធានីភ្នំពេញ ស្ថានីយជលសាស្ត្រទន្លេបាសាក់ចតុមុន ទឹកមានកម្រិតកម្ពស់ទាបជាង ឆ្នាំ២០១៩ ដល់ទៅ ១,៧៣ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំបន្តិចបន្តួច។ ទឹកក្នុងបឹងទន្លេសាប នៅស្ថានីយក្រគរ កំពង់ហ្លួង ទឹកមានកម្រិតកម្ពស់ទាបជាងធម្យមច្រើនឆ្នាំប្រមាណ ពី០,១៧ ម៉ែត្រ ទៅ២,៦៧ម៉ែត្រ៕
ដោយ៖កូឡាប