ខេត្តកំពង់ចាម: ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តនឹងសហការីបានអញ្ជើញចូលរួមពិធីបុណ្យខួប១០០ថ្ងៃហ្នឹងឆ្លងចេតិយ ជូនដល់វីរយុទ្ធជន ព្រិន្ទបាលឯក ភាព សោភ័ណ ដដែលបានពលីក្នុងសមរភូមិជួរមុខព្រំដែនកម្ពុជា-ថៃ នាពេលកន្លងទៅ។ពិធីបុណ្យនេះបានធ្វើឡើងនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៧វិច្ឆិកា ឆ្នាំ២០២៥ ជាមួយនោះក៏មានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន ហើយបានពិនិត្យមើលសំណង់ផ្ទះថ្មល្វែងជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នីហ៊ុន ម៉ាណែត ដែលក្រុមជាងកំពុងតែសាងសង់ជិតរួចរាល់។
សូមបញ្ជាក់ជូនថា សពវីរយុទ្ធជន ពលបាលឯក ភាព សោភ័ណ្ឌ អាយុ ៤៦ឆ្នាំ បម្រើការងារនៅកងពលលេខ២១ ចំណុះយោធភូមិភាគ២ មានភរិយាឈ្មោះ ជឹង គឹមហ៊ាង អាយុ៤៥ឆ្នាំ ប្រកបរបរ លក់បាយក្នុងផ្សារបែកអន្លូង មានកូនចំនួន៤នាក់ ស្រីទាំង ៤នាក់
ក្រោមការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំបានធ្វើឲ្យជីវភាពភរិយានៃសពបានប្រសើរមួយកម្រិត។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានផ្តាំផ្ញើដល់ភរិយា វីរយុទ្ធជន និងកូនៗ សូមខិតខំថែទាំសុខភាពឲ្យបានល្អប្រសើរ ព្រោះបច្ចុប្បន្ននេះ អាកាសធាតុមានភាពប្រែប្រួល ដោយកម្ពុជាយើងបានទទួលរងសម្ពាធពីព្យុះមូសុង ដែលអាចបណ្តាលឲ្យកើតផ្តាសាយផងដែរ ជាពិសេសត្រូវជំរុញដល់កូនៗឲ្យខិតខំរៀនសូត្រ និងនាំកូនៗ គ្រប់អាយុ ទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះជូនគ្រួសាវីរយុទ្ធជន ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ស្ថិតនៅឃុំ អារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលសំណង់ខាងលើសម្រេចការសាងសង់បានប្រមាណ ៧០% រំពឹងថានឹងរួចរាល់១០០% នៅបំណាច់ឆ្នាំ២០២៥ ដែលមានទីតាំងនៅជិតផ្សារបែកអន្លូង ងាយស្រួលប្រកបរបរលក់ដូរដោះស្រាយជីវភាពគ្រួសារ។
ឯកឧត្តម អភិបាលខេត្ត ក៏បាន សម្រេចឲ្យក្រុមអ្នកម៉ៅការ រៀបចំតួរផ្ទះទាំងមូលឡើងទៅលើឲ្យបាន ១,៥០ម៉ែត្រ បន្ថែមទៀត ទៅតាមការស្នើសុំរបស់អ្នកស្រី ជឹង គឹមហ៊ាង ដែលជាភរិយានៃសព។ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ សូមចុះត្រួតពិនិត្យការដ្ឋានសំណង់ខាងលើជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណាឲ្យក្រុមជាងអនុវត្តការងារប្រកបដោយស្តង់ដារ ដើម្បីឲ្យសំណង់មានគុណភាពរឹងមាំល្អ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី











