ភ្នំពេញ៖ បើតាមរបាយការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់កម្ចី និងជំនួយដល់កម្ពុជាចំនួន២៧៥.៨លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។
របាយការណ៍ប្រចាំឆ្នាំនេះក៏មានរំលេចសមិទ្ធផលចម្បងៗ ក្នុងប្រទេសកម្ពុជា ដែល ADB ប្តេជ្ញាជួយចំនួន ២៧៥,៨ លានដុល្លារក្នុងរូបភាពជាកម្ចី និងជំនួយ ក្នុងឆ្នាំ២០១៩។
ខាងក្រោមជាគម្រោង និងកម្មវិធីធំៗ ដែលបានចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៩ ហើយកំពុងបន្តរហូតដល់បច្ចុប្បន្ន៖
• គម្រោងឧទ្យានជាតិថាមពលព្រះអាទិត្យតម្លៃ ៧,៦ លានដុល្លារដើម្បីកាត់បន្ថយថ្លៃអគ្គិសនី តាម រយៈការវិនិយោគជាមួយវិស័យឯកជនលើថមពលដែលអាចកកើតឡើងវិញនេះ។ រោងចក្រ ថាមពលទាំងនេះរំពឹងថានឹងបញ្ចៀសការបញ្ចេញផ្សែងពុលកាបូនឌីអុកស៊ីតយ៉ាងហោច ណាស់ ១៤៨.៦៥០ តោន ក្នុងមួយឆ្នាំ។
• កម្មវិធីអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន (កម្មវិធីរងទី២) តម្លៃ៤០លានដុល្លារ ដើម្បី បង្កើនការទទួលបានហិរញ្ញវត្ថុ ព្រមទាំងផ្តល់នូវសេវាហិរញ្ញវត្ថុថ្មីដល់សហគមន៍ក្រីក្រ ដែលរួមមានទីជនបទ ផ្នែកកសិកម្ម និងធុរកិច្ចខ្នាតតូចនិងមធ្យម។ កម្មវិធីនេះគាំទ្រការអនុម័តយុទ្ធសាស្ត្រ បរិយាប័ន្នហិរញ្ញវត្ថុជាតិ ច្បាប់សំខាន់ៗ ដូចជាច្បាប់កសាងទំនុកចិត្ត ច្បាប់ការពារអតិថិជន ព្រមទាំងការបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា។
• គម្រោងជំនាញសម្រាប់ពង្រឹងសមត្ថភាពប្រកួតប្រជែង តម្លៃ ៦០លានដុល្លារ ដើម្បីអភិវឌ្ឍធនធានមនុស្ស ទៅជាកម្លាំងពលកម្មដែលមានជំនាញក្នុងវិស័យអាទិភាពចំនួនបួនរួមមាន ផ្នែក ផលិតកម្ម សំណង់ អគ្គិសនី និងអេឡិចត្រូនិច។
• កម្មវិធីទីបីនៃអភិវឌ្ឍន៍ផ្នែកសេវាអនាម័យនិងផ្គត់ផ្គង់ទឹកស្អាតតាមទីជនបទ តម្លៃ៤៩លានដុល្លារ (ដែល៤,៤លានដុល្លារជាប្រាក់ជំនួយ) ដើម្បីលើកកម្ពស់អនាម័យនិងការផ្គត់ផ្គង់ទឹកស្អាតថែម ទៀតនៅតាមទីជនបទ។ កម្មវិធីនេះបន្ថែមចំនួនខេត្តពី ប្រាំមួយ ទៅប្រាំបី (រួមមានខេត្ត បន្ទាយមានជ័យ បាត់តំបង កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កំពត ពោធិសាត់ និងសៀមរាប) និងអនុវត្តក្នុងភូមិចំនួន ៦០០។
• គម្រោងកែលម្អកសិកម្មស្រោចស្រព តម្លៃ១១៩,២ លានដុល្លារ (ដែល២,២លានដុល្លារជាប្រាក់ជំនួយ) ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុនៃហេដ្ឋារចនាសម្ព័ន្ធកសិកម្មសំខាន់ៗ ធ្វើជំនួញផលិតកម្មស្រូវ ពោត ដំឡូងមី និងស្វាយ ព្រមទាំងលើកកម្ពស់ផលិតភាព និងពិពិធកម្មកសិកម្ម៕
ដោយ៖កូឡាប