ប៊ែលហ្ស៊ិក៖ នាយករដ្ឋមន្ត្រីប៊ែលហ្ស៊ីក លោក Sophie Wilmes បានទទួលការស្វាគមន៍មិននឹកស្មានមួយពីការតវ៉ាយ៉ាងស្ងាត់ស្ងៀមពីសំណាក់ក្រុមគ្រូពេទ្យប្រមាណ ១០០ នាក់ ក្នុងអំឡុងពេលនៃការចុះទស្សនកិច្ចក្រៅផ្លូវការ មកកាន់មន្ទីរពេទ្យ Saint-Pierre នៅក្នុងទីក្រុង Brussel កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។
វីដេអូទទួលបានដោយ Reuters បានបង្ហាញបុគ្គលិកពេទ្យស្ថិតក្នុងសម្លៀកបំពាក់ការពារ បានឈរយ៉ាងស្ងៀមស្ងាត់ជា២ជួរ និងបង្ហាញឥរិយាបទបែរខ្នងដាក់ ខណៈក្បួនរថយន្តនាយករដ្ឋមន្ត្រីចូលមកដល់ទីតាំងពួកគេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា បុគ្គលពេទ្យទាំងនោះបានចេញមកធ្វើការបាតុកម្មបែបនេះ គឺដើម្បីអំពាវនាវឲ្យមានការទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់ពួកគេ និងប្រឆាំងចំពោះក្រឹត្យជ្រើសរើសបុគ្គលិកដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ្មានស្តង់ដារ) ដើម្បីយកមកជួយអនុវត្តសកម្មភាពថែទាំ។
សហជីពគ្រូពេទ្យបានពន្យល់ថា “បុគ្គលិកសុខាភិបាលបានធ្វើយ៉ាងដូច្នេះ ព្រោះតែពួកគេមិនពេញចិត្តចំពោះការចុះហត្ថលេខា លើសេចក្តីសំរេចរបស់អាជ្ញាធរ នៅក្នុងស្ថានការរាតត្បាតកូវីដ១៩នេះ ជាពិសេសបទបញ្ជាសំរាប់ធ្វើការលើសម៉ោងផ្នែកវេជ្ជសាស្ត្រ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុមិនគ្រប់គ្រាន់”។
ក្នុងនោះ គិលានុបដ្ឋាយិកាម្នាក់បាននិយាយថា “អ្នកនយោបាយកំពុងតែឃ្លាតឆ្ងាយពីពួកយើងជានិច្ច នៅពេលដែលពួកយើងស្នើសុំជំនួយ” ។
នាយករដ្ឋមន្ត្រី Sophie Wilmes បាននិយាយកាលពីថ្ងៃពុធ (១៣ ឧសភា) ថា សាលាបែលហ្ស៊ិកនឹងបើកតាមកន្លែងខ្លះ ហើយទីផ្សារ សារមន្ទីរ និងសួនសត្វ ក៏នឹងត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញផងដែរ ចាប់ពីថ្ងៃច័ន្ទ (១៨ ឧសភា) នៅក្នុងវិធានការបន្ធូរបន្ថយបន្ថែមទៀត នៃការរឹតបន្តឹងការការពារឆ្លងមេរោគនេះ រយៈពេល២ខែ នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ប្រទេសបែលហ្ស៊ិកដែលមានប្រជាជន ១១.៥ លាននាក់ ស្ថិតក្នុងចំណោមបណ្តាប្រទេសអ៊ឺរ៉ុបដ៏អាក្រក់បំផុត ដែលរងការវាយប្រហារដោយជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុសថ្មីនេះ Covid-19 ប៉ុន្តែ ប្រទេសនេះបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងជាបណ្តើរៗ នៅដើមខែឧសភា។
រហូតមកដល់ពេលនេះ ប្រទេស បែលហ្ស៊ិក ត្រូវបានរាយការណ៍ថាមានចំនួន ៥៤,៩៨៩ ករណី ដែលត្រូវបានបញ្ជាក់ឆ្លង Covid-19 និងការស្លាប់ចំនួន ៩,០០៥ នាក់៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ Reuters)