Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគល់​ផ្ទះ និង​ផ្តល់​អំណោយ​ជនពិការ​ចាស់ជរា ក្រីក្រ​២១​គ្រួសារ នៅ​ស្រុក​ស្វាយទាប​

​ខេត្តស្វាយរៀង​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ឧសភា ២០២០ មូលនិធិ​ជនពិការ​បានធ្វើ​ពិធី​ប្រគល់​ផ្ទះ​ថ្មី​១​ខ្នង ទំហំ​៤​ម៉ែត្រ គុណ​៦​ម៉ែត្រ សង់​អំពី​ថ្ម​ប្រក់​ស័ង្កសី ដោយមាន​បំពាក់​ភ្លើងអគ្គិសនី​ប្រព​ន្លឺ​ព្រះអាទិត្យ ជូន​លោក​ខ្វាន់ សារឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ជនពិការ​ជើង​ទាំងពីរ ដែលមាន​ប្រពន្ធ​កូន​និង​ចៅ មាន​ជីវភាព​ក្រីក្រ​គ្មាន​ផ្ទះ​រស់នៅ មានតែ​ខ្ទម​តូច​ទ្រុឌទ្រោម នៅ​ភូមិ​សង្គ្រោះ ឃុំ​សំបួរ ស្រុក​ស្វាយទាប​។​

​ពិធី​នេះ​មានការ​អញ្ជើញ​ជា​គណៈអធិបតី ពី​លោក​សៅ ឡែ​ន ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​មូលនិធិ​ជនពិការ លោកនាយក​មូលនិធិ​ជនពិការ លោកស្រី​ឯក សុវណ្ណ​ភារៈ អភិបាលរង​ខេត្ត ព្រមទាំង​ក្រុមប្រឹក្សា​ស្រុក ឃុំ និង​មន្ត្រីរាជការ​ជាច្រើន​កុះករ​។

​លោក​សៅ ឡែ​ន ប្រធាន​ក្រុម​ប្រិ​ក្សា​មូលនិធិ​ជនពិការ បាន​បញ្ជាក់ថា ផ្ទះ​១​ខ្នង​នេះ ចំណាយ​អស់​ថវិកា ១៦.០០៨.០០០​រៀល បានមកពី​អំណោយ​សប្បុរសធម៌ ដែល​សប្បុរសជន​នានា បាន​បរិច្ចាគ​ចូល​ហិប​ប្រាក់​វិភាគទាន​សប្បុរសធម៌​មូលនិធិ​ជនពិការ​។ លោក​បន្តទៀតថា ហិប​នេះ​បានដាក់​នៅតាម​វត្ត​អារាម កន្លែង​ទេសចរណ៍ ក្រុមហ៊ុន រោងចក្រ ធនាគារ សណ្ឋាគារ​។​ល​។ កន្លងមក​មូលនិធិ​ជនពិការ​បានប្រគល់​ផ្ទះ ជូនទៅ​ជនពិការ​ក្រីក្រ​នៅ​ខេត្តបាត់ដំបង ខេត្តតាកែវ និង​ខេត្តសៀមរាប នេះ​ជា​ផ្ទះ​ទី​៤ ហើយ​មូលនិធិ​ជនពិការ និង​ផ្តល់ជូន​បន្តទៀត​នៅ​ខេត្ត​ផ្សេងៗ​ទៀត ដែល​ខេត្ត​ខ្លះ​សាងសង់​រួច​៩០% និង​ខេត្ត​ខ្លះ​បាន​សង់​រួច​ជា​ស្ថាពរ​។ ការផ្តល់​ផ្ទះ​មូលនិធិ​បាន​ប្រជុំ ពិនិត្យ​វាយតម្លៃ កំណត់​លក្ខណៈសម្បត្តិ ជនពិការ​ក្រីក្រ​តាម​សហគមន៍​។ កន្លងមក​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ភារកិច្ច​ជាច្រើន សំដៅលើ​ការលើកកម្ពស់​សុខុមាល​ភាព​ជនពិការ តាមរយៈ​ការផ្តល់សេវា ស្តា​លទ្ធភាព​ពលកម្ម​ដោយ​ឥតគិតថ្លៃ ការផ្តល់​របប​គោលនយោបាយ​ពិនិត្យ​ថែទាំ​សុខភាព​ជូន​ជនពិការ​ក្រីក្រ បណ្តុះបណ្តាល​វិជ្ជាជីវៈ ការជំរុញ​ឲ្យ​មានការ​ងារ​ធ្វើ ការដាក់បញ្ចូល​ជនពិការ​ទៅក្នុង​សកម្មភាព​សង្គម​។​

​ថ្មីៗ​នេះ​ក្រសួង​ក៏បាន​នាំយក​សម្ភារ​អនាម័យ សម្រាប់​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែល​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ជូន​ដល់​អង្គភាព​ដែល​បម្រើ​សេវាកម្ម ដល់​ជនពិការ​។ ក្នុង​ពិធី​នេះដែរ លោក​ជូ រតនៈ នាយក​មូលនិធិ​ជនពិការ បាន​នាំ​អំណោយ​សប្បុរសធម៌ សម្រាប់​ផ្តល់ជូន​ដល់​គ្រួសារ​លោក​ខ្វាន់ សារឿន រួមមាន​៖ ថវិកា​១០​ម៉ឺន​រៀល អង្ករ​២៥​គីឡូក្រាម ត្រីខ​២​យូ ទឹកស៊ីអ៊ីវ​១​យួ ទឹកត្រី​១​យួ អំបិល​២​កញ្ចប់ មី​១​កេះ​។ ក្នុងនោះដែរ មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និ​យុវនីតិសម្បទា ខេត្ត​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ជួយឧបត្ថម្ភ គ្រួសារ​លោក​ខ្វាន់ សារឿន​បន្ថែម និង​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២០​គ្រួសារ ក្នុង​១​គ្រួសារ ទទួលបាន អង្ករ​៣០​គីឡូក្រាម សារុង​១ មុង​១ ភួយ​១ ក្រមា​១​និង​ថវិកា​មួយចំនួន ពី​មូលនិធិ​ជនពិការ​ផងដែរ​៕

ដោយ​៖​វ៉ៃ​កូ​

×