Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​ក្រុង​កំពត (១៣៤,៨២៦​គ​.​ម​) កំពុង​ស្ថាបនា​ឡើងវិញ​បាន ​៧៤​ ភាគរយ​

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ បាន​ដឹកនាំ​គណៈ ប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ពិនិត្យ​គុណភាព​នៃ​ការសាងសង់​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៣​ពី​ចោមចៅ​ទៅ ក្រុង​កំពត ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន ត្រួតពិនិត្យ​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​គុណភាព​នៃ​ការសាងសង់​ថា​តើ​ស្របតាម បទដ្ឋាន​បច្ចេកទេស​និង​សៀវភៅ​បន្ទុក​ដែល​បានកំណត់​ដែរ​ឬ​យ៉ាងណា ដើម្បី​ធានា​ដល់​ការប្រើប្រាស់​បានយូរ​អង្វែង តាមរយៈ​ការប្រើប្រាស់​ម៉ាស៊ីន​ខួង​ពិនិត្យមើល​ស្រទាប់​គ្រឹះ និង​ការ​ពិនិត្យមើល​ការបំពាក់ ភ្លើងស្តុប និង​ស្លាក​សញ្ញា​ចរាចរណ៍ ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ផងដែរ​។​

​សូម​ជម្រាបជូន​ថា គម្រោង​ពង្រីក​និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត ដែលមាន​ប្រវែង សរុប​១៣៤,៨២៦ គីឡូម៉ែត្រ​នេះ ត្រូវបាន​ចែកជា​ពីរ​ដំណាក់កាល​៖ ដំណាក់កាល​ទី​១​ពី​ចោមចៅ​(​ភ្នំពេញ​) ទៅ​បែក​គូស​ប្រវែង​៦៩,៩០ គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២៤,៥​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង កៅស៊ូ​(AC) កម្រាស់​៩​សង់ទីម៉ែត្រ ចែកចេញជា​៤​គន្លង (២​គន្លង​ទៅ​២​គន្លង​មក​)​។ ដំណាក់កាល​ទី​២ ពី​បែក​គូស​ទៅ​ក្រុង​កំពត​ប្រវែង​៦៤,៩២៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​AC​កម្រាស់​៧​សង់ទីម៉ែត្រ ត្រូវ​ពង្រីក ទទឹង​តួ​ផ្លូវ​រហូតដល់​១២ ម៉ែត្រ ចែកជា​២​គន្លង​។​

​គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២១៩,៩១១ លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សាងសង់​ដោយ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (China Road and Bridge Corporation) ត្រួតពិនិត្យ​បច្ចេក ទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​សំណង់ ក្វាង​ចូ​វ វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ។​

​គម្រោង​ពង្រីក​និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣​នេះ​មាន​រយៈពេល​៤៨​ខែ តាម​គម្រោង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ ២០២២ ប៉ុន្តែ​ដោយសារ​វឌ្ឍនភាព​នៃ​ការសាងសង់​បាន​ដំណើរការ​ដោយ​ភាពរលូន ការសាងសង់​អាច​នឹង ត្រូវ​បញ្ចប់​មុន​គម្រោង​រយៈពេល​៩​ខែ ពោលគឺ​នៅ​ចុងឆ្នាំ​២០២១​ខាងមុខនេះ ហើយ​គិត​រហូតមកទល់ ពេលនេះ ការសាងសង់​សម្រេចបាន​៧៤%​ហើយ​។​

នៅក្នុង​ដំណើរ​បេសកកម្ម​ចុះ​ពិនិត្យ​គុណភាព​ផ្លូវ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ពិនិត្យ​ការ បំពាក់​ស្លាក​សញ្ញា​សុវត្ថិភាព​តាម​ការដ្ឋាន​នីមួយៗ គម្រោង​សាងសង់​ស្ពាន​រំលង​នៅ​ផ្សារ​ត្រាំខ្នារ​ថ្មី ទីតាំង ត្រូវ​បំពាក់​ភ្លើងស្តុប​នៅ​ផ្សារ​ត្រាំខ្នារ ផ្សារ​អង្គតាសោម ផ្សារ​ឈូក និង​ទីតាំង​ដែល​ចាំបាច់​ត្រូវ​បើក​របាំង​ចែក ផ្លូវ ក្នុង​គោលបំណង​ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍​ដែលជា​កត្តា​ធ្វើឱ្យ​ខាតបង់​ថវិកាជាតិ​ប្រមាណ​៣៥០​លាន​ដុល្លារ​/​ឆ្នាំ និង​មាន​អត្រា​អ្នកស្លាប់ ប្រមាណ​៥​នាក់​/​ថ្ងៃ​។​

​លើសពីនេះ​ទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឲ្យ​ក្រុមការងារ​បច្ចេកទេស​ខួង ស្រទាប់​គ្រឹះ​ទីមួយ ស្រទាប់​គ្រឹះ​ទី​ពីរ ខួង​បេតុង​កៅស៊ូ​(AC)​ស្រទាប់​ទីមួយ ធ្វើតេស្ត​FWD និង​ពិនិត្យ​ផ្លូវ​ក្នុង​ក្រុង​កំពត ដែល ប្ដូរ​ពី​ផ្លូវ​AC​ទៅ​ផ្លូវ​បេតុង​ផងដែរ​៕

ដោយ ៖ សម្ផស្ស