ធនាគារ អេស៊ីលីដា នឹងចុះបញ្ជីមូលបត្រកម្មសិទ្ធិជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ។
ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាការបើកទំព័រស័ករាជថ្មី នៃប្រវត្តិជោគជ័យរបស់ធនាគារ ក្នុងនាមជាធនាគារពាណិជ្ជទី១នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចុះបញ្ជីនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
ទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺរាតត្បាតជាសកលក៏ដោយ ក៏វិនិយោគិនចំនួន ២,៤៩៧ នាក់ បានធ្វើបរិវិសកម្ម(ទិញ)មូលបត្រកម្មសិទ្ធិរបស់ធនាគារ ហើយចំនួននេះ គឺជាចំនួនវិនិយោគិនដែលចូលរួមច្រើនបំផុត សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងមក ហើយក៏បង្ហាញពីភាពជឿទុកចិត្ត និងគាំទ្ររបស់អតិថិជន និងសាធារណជន ចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ផងដែរ។ វិនិយោគិនអាចដាក់បញ្ជាទិញ/លក់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ពីម៉ោង ០៨:០០ ព្រឹក នៅថ្ងៃចុះបញ្ជី។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមជូនដំណឹងដល់សាធារណជនទាំងអស់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងចុះបញ្ជីជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ។
តាមរយៈការចូលរួមក្នុងដំណាក់កាលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី វិនិយោគិនរូបវន្តបុគ្គល និងនីតិបុគ្គល មានឱកាសវិនិយោគជាលើកដំបូងនៅក្នុងធនាគារពាណិជ្ជដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ភាគហ៊ុនិកសាធារណៈថ្មី របស់ធនាគារ នឹងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនរបស់ធនាគារ តាមរយៈភាគលាភនិងចំណេញមូលធន។ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទាក់ទាញវិនិយោគិនរូបវន្តបុគ្គលសញ្ជាតិខ្មែរជាច្រើនចូលរួមវិនិយោគនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងបន្តរួមចំណែកអភិវឌ្ឍផ្សារមូលធនកម្ពុជា៕
ដោយ ៖ វីដា