បាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះជីវាំង និងឃុំព្រែកចាស់ ដែលជាប់បឹងទន្លេសាបជាច្រើនគ្រួសារ បាននាំគ្នាដាំម្ទេសលក់ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំគ្រួសារ បន្ទាប់ពីមុខរបរនេសាទត្រីក្នុងរដូវវស្សាបានបញ្ចប់។
ប្រជាពលរដ្ឋ បានឲ្យដឹងថា អ្នករស់នៅក្នុងឃុំទាំង២ មានឃុំកោះជីវាំងនិងឃុំព្រែកចាស់នេះ ស្ទើរតែមួយរយភាគរយទៅ ប្រកបរបរនេសាទនៅក្នុងរដូវវស្សា។ ការរស់នៅមានការរាយប៉ាយ តាមព្រែក តាមដងស្ទឹងឬតាមបឹងនានា ដែលនៅជាប់នឹងបឹងទន្លេ
សាប ក្នុងរដូវប្រាំងវិញ ភាគច្រើនរស់នៅជាប់នឹងមាត់ស្ទឹង ដោយក្រៅពីមុខរបរនេសាទត្រី មានអ្នកលក់ដូរបន្តិចបន្តួច ឬពឹងផ្អែកវិស័យទេសចរណ៍បានខ្លះដែរ មិនមានការធ្វើស្រែនោះទេ ប៉ុន្តែមានអ្នកខ្លះដាំបន្លែសម្រាប់ទុកហូបខ្លួនឯង។ ប៉ុន្តែរយៈពេល២ឆ្នាំជាប់គ្នានេះ (២០១៩ និង២០២០) ដោយសារជំនន់ទឹកទន្លេសាបតូច ពួកគាត់មិនអាចធ្វើការនេសាទបានយូរខែ និងត្រីក៏មិនសូវសម្បូរដូចមុន ក្រៅពីបញ្ជូនកូនចៅឲ្យទៅរកការងារធ្វើនៅក្នុងក្រុង ឬកន្លែងផ្សេងៗ ពួកគាត់បាននាំគ្នាដាំផ្លែម្ទេសលក់ ព្រោះវាមានអាយុកាលខ្លីឆាប់ឲ្យផល ហើយការដាំនេះ មិនមានជាទ្រងទ្រាយធំអ្វីនោះទេ គឺអ្នកខ្លះរកដីទួលស្រឡះធំបានធ្វើ និងខ្លះទៀតមានដីសមល្មម។ ការដាំម្ទេសនេះ មានការរីករាលដាលច្រើនឡើងៗ ពីភូមិមួយទៅភូមិមួយ ហើយតម្លៃម្ទេសកាលពីឆ្នាំ២០១៩ ក្នុងមួយគីឡូក្រាមលក់បាន២៥០០០រៀល ប៉ុន្តែនៅដើមឆ្នាំ២០២០នេះ ម្ទេសបានធ្លាក់ចុះពីមួយគីឡូក្រាម៩០០០រៀល មកដល់ពេលឥឡូវបានតម្លៃត្រឹមតែ៦០០០រៀល ទីផ្សារគឺមានអ្នករស់នៅលើគោកមកប្រមូលទិញដល់ទីកន្លែងតែម្ដង។
គួរបញ្ជាក់ថា ដោយសារបញ្ហាបទល្មើសនេសាទ ពិសេសនៅជាប់នឹងបឹងទន្លេសាប បានកើតឡើងមិនថារដូវប្រាំងឬវស្សា បណ្ដាលឲ្យធនធានមច្ឆាជាតិ មានការថយចុះជាលំដាប់ ។ ចំណែកបទល្មើសជលផលនេះ ត្រូវបានជំនាញធ្វើការបង្ក្រាប ជាហូរហែរជាច្រើនករណីរៀងរាល់ឆ្នាំ៕
ដោយ៖អ៊ុងសារុំ