ភ្នំពេញ៖ គិតត្រឹមចុងខែឧសភា ឆ្នាំ២០២០នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៥ គម្រោងចម្រុះ ដែលមានទុនវិនិយោគសរុបប្រមាណ ១៦៨ លានដុល្លារ។
នៅក្នុងនិយោគគម្រោងចម្រុះទាំងនេះ ក្នុងនោះ មានគម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា, គម្រោងបង្កើតស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ, គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ ក្តារប៉ាកេរ គម្រោងបង្កើតរោងចក្រផលិតស៊ីឡាំង កេសកាតុងទូរទឹកកក និងគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ជាដើម។
បើតាមគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា គម្រោងក្រុមហ៊ុនទាំង៥នោះ គឺទី១ ក្រុមហ៊ុន PROSPECT ENERGY គ្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ៧,៩លានដុល្លារ ទី២ក្រុមហ៊ុន RISEN ENERGY (CAMBODIA) BATTAMBANG គ្រោងបង្កើតស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ នេះស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងតម្លៃទុនវិនិយោគប្រមាណ ៥០,៩លានដុល្លារ ទី៣ក្រុមហ៊ុន YONG WANG គម្រោងសាងសង់អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៧០០បន្ទប់ នៅខេត្តព្រះសីហនុ ក្នុងតម្លៃទុនវិនិយោគ ១០៧,៩ លានដុល្លារ។
ដោយឡែក គណកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ ក្រុមហ៊ុន Campico Global Flooring មានគម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ ក្តារប៉ាកេរ, ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគ ១ លានដុល្លារ និងក្រុមហ៊ុន JL Cool Refrigeration Technology គម្រោងបង្កើតរោងចក្រផលិតស៊ីឡាំង កេសកាតុងទូទឹកកក នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ១,២ លានដុល្លារ។
គួរបញ្ជាក់ថា យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្រោយការសាងសង់ និងដាក់ឲ្យដំណើរការ ផ្លូវការ គម្រោងរោងចក្រទាំង៥នេះ ត្រូវការកម្លាំងពលកម្មបម្រើការងារប្រមាណជិត ២ពាន់កន្លែង៕
ដោយ៖សម្ផស្ស