ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ។ ក្រសួងជំនាញ ក៏បានអំពាវនាវប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី២៧ ឧសភាដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ។
ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី ២៦ ឧសភា បានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី នឹងបក់ខ្លាំងមកលើកម្ពុជា ។ ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃ២៧ ឧសភា ដល់ថ្ងៃ២ មិថុនា នឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៣-៣៦អង្សាសេ ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងនោះផ្នែកខ្លះ នៃវាលទំនាបភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។
ក្រសួងបានបន្តថា នៅតាមបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៥អង្សាសេ។ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ដោយឡែកបណ្តាខេត្តនៅភាគឦសានជាប់ វៀតណាម នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។
បណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី២៦-២៨អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤អង្សាសេ។ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។
ស្ថានភាពអាកាសធាតុបែបនេះ ក្រសួងឧតុនិយម បានស្នើឲ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ ៕
ដោយ ៖កូឡាប