ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ដោយសារកំណើនតម្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ ស្របតាមការរីកចម្រើននៃប្រទេសជាតិ ធ្វើឲ្យមានកំណើនការផ្គត់ផ្គង់អគ្គិសនី។ ការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រភពផ្សេងៗសរុប កើនដល់ប្រមាណ ៣៩៨៦មេហ្គាវ៉ាត់ ក្នុងឆ្នាំ ២០២០នេះ ដែលមានកំណើន ១៥ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។
ឯកឧត្តម ស៊ុយ សែម បានអះអាងថា ក្នុងឆ្នាំ២០២០នេះ ការផលិតថាមពលអគ្គិសនីក្នុងស្រុកពីប្រភពថាមពលធំៗ ដែលកំពង់ដំណើរការ មានសរុបប្រមាណ ២៩៦៥មេហ្គាវ៉ាត់ ក្នុងនោះពីវារីអគ្គិសនីចំនួន ៧ អានុភាពសរុប ១៣២៩មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនីដុតធ្យូងថ្មចំនួន ០៣ អានុភាពសរុប ៦៧៥មេហ្គាវ៉ាត់។ ក្រៅពីនេះ ក៏មានថាមពលអគ្គីសនីដែលបានមកពីរោងចក្រដុតប្រេងខ្មៅ និងម៉ាស៊ូត អានុភាព ៦២៧មេហ្គាវ៉ាត់ ថាមពលកកើតឡើងវិញ ដូចជាថាមពលសូឡា ៣៣៣មេហ្គាវ៉ាត់ និងថាមពលនាំចូលពីប្រទេសជិតខាង មានប្រទេសថៃ វៀតណាម និងឡាវ សរុបចំនួន ១០២១មេហ្គាវ៉ាត់។
ឯកឧត្តម ស៊ុយ សែម បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ ក្រសួងបានតភ្ជាប់ខ្សែបណ្តាញអគ្គិសនីបាចំនួនជាង ១៣០០០ភូមិ ដែលស្មើនឹង ៩២,៦៨ភាគរយ នៃចំនួនភូមិសរុបនៅទូទាំងប្រទេស។
ឯកឧត្តមបញ្ជាក់ថា នៅឆ្នាំ ២០៣០ ក្រសួងនឹងជំរុញការប្រើប្រាស់ឲ្យកើនដល់ ៩០ភាគរយនៃចំនួនខ្នងផ្ទះនៅទូទាំងប្រទេស សម្រាប់អគ្គិសនីដែលមានគុណភាព ស្ថិរភាព និងតម្លៃសមរម្យ ដល់អ្នកប្រើទាំងអស់ ទាំងលក្ខណៈគ្រួសារ និងឧស្សាហកម្ម។ ជាពិសេស គឺការប្រើប្រាស់ថាមពលស្អាត ឬថាមពលក៏កើតឡើងវិញ។
យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជារាជរដ្ឋាភិបាល បានខិតខំជំរុញឲ្យមានការវិនិយោគ លើគម្រោងផលិតថាមពលអគ្គិសនីពីប្រភពផ្សេងៗ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានកំណើនជាបន្តបន្ទាប់ក៏ដោយក្តី ក៏ប៉ុន្តែវានៅតែពុំទាន់អាចឆ្លើយតបនឹងសេចក្តីត្រូវការបានពេញលេញនៅឡើយ ដោយសារកំណើនប្រើប្រាស់ពីប្រជាពលរដ្ឋ និងការរីកធំធាត់យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់កម្ពុជា៕
ដោយ៖សម្ផស្ស