Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិវឌ្ឍន៍​ខ្សែ​ច្រវាក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ​សុវត្ថិភាព ដើម្បី​ជំរុញ​ទីផ្សារ សម្រាប់​កសិកម្ម​ខ្នាតតូច

​ភ្នំពេញ ៖ ការចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា លើគម្រោងជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​(AIMS) ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​បន្លែ ក្រសួងពាណិជ្ជកម្ម ដែល​ដឹកនាំ​ប្រតិបត្តិ​គម្រោង​ជំរុញ​ទីផ្សារ សម្រាប់​កសិកម្ម​ខ្នាតតូច បាន​បង្កើត​ចង្កោម​កសិករ​ផលិត​បន្លែ​សុវត្ថិភាព តាម​ខេត្ត​គោលដៅ​ចំនួន​១៨ ដើម្បី​ត​ភ្ជាប់​ទីផ្សារ និង​សម្របសម្រួល​ភាពជា​ដៃគូ​វិស័យ​សាធារណៈ​-​ឯកជន ដើម្បី​លើកកម្ពស់​ផលិតភាព និង​ផលចំណេញ​លើ​វិស័យ​បន្លែ​។

​នៅ​រសៀល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាវ ហេង​តារា រដ្ឋលេខាធិការ និង​ជា​តំណាង ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សារណៈ​យោគយល់​គ្នា រវាង គម្រោង ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​(AIMS) និង​ក្រុមហ៊ុន ខេ​.​ស៊ី​.​ស៊ី​.​វី ផ្លេ​ន​ថេ​សិន ខូ​អិ​ល​ធី​ឌី (K.C.C.V PLANTATION CO., LTD) ស្តីពី​អភិវឌ្ឍន៍​ខ្សែ​ច្រវាក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ​សុវត្ថិភាព នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​ពិធី​ចុះហត្ថលេខា​នេះ អញ្ជើញ​ចូលរួម​ដោយ ឯកឧត្តម វ៉ា រុត​សាន ប្រធាន​ទីប្រឹក្សា​នៃ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចាន់ សុខ​ទី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងប្រទេស និង​ជា​នាយក​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ដៃគូរ​អភិវឌ្ឍន៍ ក្រុម​កសិករ ផលិត​បន្លែ​សុវត្ថិភាព ព្រមទាំង​ក្រុមការងារ​គម្រោង​ជាច្រើនរូប​។​

​ឯកឧត្តម ប៉ាវ ហេង​តារា មានប្រសាសន៍ថា ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​បន្លែ ក្រសួងពាណិជ្ជកម្ម ដែល​ដឹកនាំ​ប្រតិបត្តិ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច បាន​បង្កើត​ចង្កោម​កសិករ​ផលិត​បន្លែ​សុវត្ថិភាព តាម​ខេត្ត​គោលដៅ​ចំនួន​១៨ ដើម្បី​ត​ភ្ជាប់​ទីផ្សារ និង​សម្របសម្រួល​ភាពជា​ដៃគូ​វិស័យ​សាធារណៈ​-​ឯកជន ដើម្បី​លើកកម្ពស់​ផលិតភាព និង​ផលចំណេញ​លើ​វិស័យ​បន្លែ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បន្តថា អនុស្សារណៈ​យោគយល់​គ្នា នឹង​បង្កើន​កិច្ច​សហការគ្នា​កាន់តែ​ស៊ីជម្រៅ រវាង​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច និង​ផ្សារ​ទំនើប និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ​សុវត្ថិភាព ជាពិសេស​ជួយ​សម្របសម្រួល ដល់​ក្រុម​ផលិត​បន្លែ​សុវត្ថិភាព​ដោយ​គាំទ្រ​ផែនការ​ផលិត​បន្លែ និង​ត​ភ្ជាប់​ទីផ្សារ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​បន្ថែមទៀតថា គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច គឺជា​គម្រោង​រួមគ្នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) ហើយ​ត្រូវបាន​ដឹកនាំ​ប្រតិបត្តិ​ដោយ​ក្រសួងពាណិជ្ជកម្ម និង​មាន​គោលដៅ​លើកស្ទួយ វិបុលភាព​កសិករ​ខ្នាតតូច​កម្ពុជា តាមរយៈ​បង្កើន​ផលចំណេញ​កាន់តែច្រើន​ដោយ​ត​ភ្ជាប់​ក​សិ​-​ពាណិជ្ជកម្ម និង​ទីផ្សារ​។ គម្រោង​ប្រតិបត្តិការ​នៅ ១៨​ខេត្ត និង​អន្តរា​គម​លើ​ខ្សែ​ច្រវាក់​តម្លៃ​ទំនិញ​ពាណិជ្ជ​ចំនួន​៥ ដូចជា បន្លែ មាន់​ស្រែ ស្រូវ ដំឡូង​មី និង​សូត្រ​ឆៅ​។​

​លើសពីនេះ គម្រោង​សម្របសម្រួល​វេទិកា​ពហុភាគី​ពាក់ព័ន្ធ​ជាមួយ​តួអង្គ​ខ្សែ​ច្រវាក់​តម្លៃ​បន្លែ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យនេះ ដូចជា បច្ចេកទេស​ដាំ​ដុះ ការធ្វើផែនការ​ហិរញ្ញវត្ថុ​និង​អាជីវកម្ម ប្រព័ន្ធ​ស្រោចស្រព ឥណទាន និង​ទីផ្សារ​។

​ថ្មីៗ​នេះ គម្រោង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន ខេ​.​ស៊ី​.​ស៊ី​.​វី ផ្លេ​ន​ថេ​សិន ខូ​អិ​ល​ធី​ឌី ដែល​បង្កើត​ផ្សារ​ទំនើប​នៅ​រាជធានី​ដើម្បី​ភ្ជាប់ ក្រុម​កសិករ​ផលិត​បន្លែ​សុវត្ថិភាព​ពី​សហគមន៍​ផលិត​ផ្ទាល់​មកដល់​រាជធានី​ភ្នំពេញ​។​

​គួរ​កត់សម្គាល់ថា គោលដៅ​សំខាន់ៗ​នៃ​អនុស្សរណៈ​យោគយល់​គ្នា​នេះ រួមមាន កំណ​ត់រក​ឱកាស​សម្រាប់​សកម្មភាព​រួមគ្នា និង​ធ្វើជា​ដៃគូរ​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​បរិបទ​នៃ​ផលិត​កម្មក​សិ​-​ពាណិជ្ជកម្ម និង​បញ្ហា​ទីផ្សារ និង​លើកកម្ពស់​មុខទំនិញ / ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​នៅ​មូលដ្ឋាន​តាមរយៈ​ប្រព័ន្ធ​ទីផ្សារ​ទំនើប និង​ការតភ្ជាប់​ទីផ្សារ ដើម្បី​គាំទ្រ​ដល់​កសិករ​ផលិត​នៅ​មូលដ្ឋាន​៕

​ដោយ​៖​កូ​ឡាប​