Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​ពិនិត្យឡើងវិញ​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន

ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​សហ​អធិបតី​ជាមួយ លោកស្រី អា​មី ឡេ​ម៉ៃ​ស្ទឺ (Anne Lemaistre) តំណាង​អោយ​អង្គការ យូណេស្កូ (UNESCO) ប្រចាំ​កម្ពុជា លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង លោក គង់ វិតាណ​: តំណាងអោយ លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ចូលរួម​ពិនិត្យឡើងវិញ លើ​សេចក្តីព្រាងច្បាប់​ស្តពីសិទ្ធិ​ទទួលបានព័​ត៌មាន ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៤-២៦ ខែ​មករា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ​។​

​នា​ឱកាស​នោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មានប្រសាសន៍ថា បន្ទាប់​ពី​មាន​ការឯកភាព​គាំទ្រ សេចក្តីព្រាងច្បាប់​នេះ​ក្រសួង​ព័ត៌មាន នឹង​ដាក់​ស្នើ​សុំ​ការអនុញ្ញាត​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បើក​ឲ្យមាន​ការប្រជុំ​អន្តរក្រសួង ពន្លឿន​ធ្វើយ៉ាងណា​ឲ្យ​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ បាន​ចប់ និង​ចេញ​ជា​ផ្លូវការ​នៅ​មុន​ការបោះឆ្នោត​ជាតិ​ឆ្នាំ​2018​។​

​ត្រង់​ចំណុច​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជាក់បន្ថែម​ថា ការពិនិត្យ​ឡើងវិញ​ទាំងស្រុង នូវ​សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ គឺ​ក្រសួង​ព័ត៌មាន ក៏​បាន​អញ្ជើញ​បណ្ដា​ប្រធាន​មន្ទីរ​ព័ត៌មាន​គ្រប់​ខេត្ត​-​រាជធានី មក​ចូលរួម​ស្តាប់ និង​ពិនិត្យ នូវ​ខ្លឹមសារ​នៃ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ ប្រយោជន៍​សម្រាប់​ចូលរួម​អនុវត្ត ឲ្យបាន​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា​នា​ថ្ងៃ​ខាងមុខ​។​

​កិច្ចប្រជុំ​នេះ​ដែរ លោកស្រី អា​មី ឡេ​ម៉ៃ​ស្ទឺ (Anne Lemaistre) បាន​កោតសរសើរ​ដល់​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​ប្ដេជ្ញាចិត្ត ក្នុង​ការចូលរួម​ពិនិត្យឡើងវិញ នូវ​សេចក្តីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដោយ​បាន​ចំណាយពេល​ជាង 2​ឆ្នាំ​កន្លះ ដើម្បី​ការពិភាក្សាគ្នា​លើ​ខ្លឹមសារ នៃ​សេចក្តី​ព្រាង ច្បាប់​នេះ​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស​។

​ជាមួយគ្នានេះ លោកស្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់ ក្រសួង​ព័ត៌មាន​កម្ពុជា​ដែល​បាន​រៀបចំ​យ៉ាង​ល្អ​សម្រាប់​ដំណើរការ នៃ​កិច្ចប្រជុំ​នេះ និង​បាន​បង្ហាញ​អំពី​មោទនភាព​ពីអ្វី​ដែល​មាន​នៅក្នុង​អត្ថបទ នៃ​សេចក្តីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ដែល​ត្រូវធ្វើ​ការពិនិត្យ​ឡើងវិញ នូវ​ទិដ្ឋភាព​ពាក្យ​ពេជ្រ ខ្លឹមសារ​មួយ​ចំនួន រវាង​ភាសា​ខ្មែរ និង​ឯកសារ​ជា​ភាសា​អង់គ្លេស ដែល​នៅ​មាន​ភាពខ្វះ​ចន្លោះ​មួយចំនួន ដើម្បី​បំពេញ​បន្ថែម​នៅ​ក្នុង​ខ្លឹមសារ​អត្ថបទ​ទាំងនោះ​។​

​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន មាន 9 ជំពូក​ចែកចេញ​ជា 39​មាត្រា ច្បាប់​នេះ​មាន​គោលបំណង​ធានា​អោយ​សាធារណ​ជន​គ្រប់ៗ​រូប នូវ​សិទ្ធិ និង​សេរីភាព​ក្នុង​ការទទួល ព័ត៌មាន​។​

​ច្បាប់​នេះ ក៏​ចែក​ពី​ភារកិច្ច​នៃ​ស្ថាប័ន​សាធារណៈ​នានា ត្រូវ​ផ្ដល់ និង​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន ជា​សាធារណៈ ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា 19 នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​៕ ដោយ​៖ សីហា​

×