ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន នាថ្ងៃសុក្រទី២៩ ខែឧសភា ឆ្នាំ២០២០ អនុញ្ញាតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក និងសហការីចូលជួប ពិភាក្សាការងារ និងរាយការណ៍ជូនជ្រាប អំពីវឌ្ឍនភាពនៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច ដែលមានទីតាំងនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
យោងតាមរបាយការណ៍ របស់អគ្គលេខាធិការដ្ឋានដីសម្បទានសេដ្ឋកិច្ច បានបង្ហាញថា ក្រុមហ៊ុន បានទទួលការអនុញ្ញាតធ្វើការអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាលចំនួន ៩០៦៨ ហិកតា នៅឆ្នាំ២០១៧ ដើម្បីធ្វើការដាំដុះដំណាំឧស្សាហកម្ម។
យោងលើលទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃជារួមអំពីវឌ្ឍនភាព នៃការអនុវត្តគម្រោងអភិវឌ្ឍ អគ្គលេខាធិការដ្ឋានយល់ឃើញថាក្រុមហ៊ុន នៅមានការយឺតយ៉ាវលើការអនុវត្តន៍ផែនការសកម្មភាព ដែលបានឯកភាពជាមួយក្រសួង និងមានជួបបញ្ហានៃការផ្លាស់ប្តូរមុខដំណាំ ដោយជួបនឹងបញ្ហាប្រឈមទាក់ទងទៅនឹងគុណភាពដី ហើយនិងការសម្អាតដីធ្លី ដែលទាមទារឱ្យក្រុមហ៊ុនពិនិត្យពិចារណាឱ្យបានល្អិតល្អន់ គ្រប់ជ្រុងជ្រោយឡើងវិញលើឯកសារ បច្ចេកទេស គតិយុត្ត សារាចរណែនាំ និងសេចក្តីសម្រេច និងការណែនាំដែលចេញដោយក្រសួង ដើម្បីចៀសវាងបាតុភាពអវិជ្ជមានណាមួយដែលអាចកើតមានឡើង និងជាពិសេសធ្វើឱ្យដំណើរការនៃគម្រោងវិនិយោគមានភាពយឺតយ៉ាវ។
ចំពោះករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំ ដល់ក្រុមហ៊ុនឱ្យយកចិត្តទុកដាក់អនុវត្តផែនការសកម្មភាព ដែលក្រសួងបានឯកភាពឱ្យបានពេញលេញ ទាន់ពេល និងមានប្រសិទ្ធភាព ដើម្បីចៀសវាងបាតុភាពអសកម្ម។
ក្រុមហ៊ុនត្រូវចូលរួមសហការឱ្យបានល្អប្រសើរ ជាមួយអគ្គលេខាធិការដ្ឋានដើម្បីបំពេញបែបបទ ស្នើសុំអនុវត្តន៍ផែនការសកម្មភាពអនុវត្តគម្រោងបន្ត ដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឲ្យខានតែបាននូវរាល់សកម្មណាដែលខុសច្បាប់។
ជាការឆ្លើយតប ក្រុមហ៊ុនរីករាយទទួល យកអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីទៅអនុវត្ត ហើយបានសន្យាថានឹងចូលរួម សហការអនុវត្តឱ្យបានពេញលេញលើឯកសារគតិយុត្ត ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះ សម្រេចទទួលបានជោគជ័យតាមការគ្រោងទុក៕
ដោយ៖សម្ផស្ស