បាត់ដំបង៖ នៅឆ្នាំ២០២០នេះ កសិករដាំទុរេនក្នុងស្រុកសំឡូតខេត្តបាត់ដំបង បានសម្ដែងការសប្បាយរីករាយ នៅពេលទិន្នផលទុរេនបានផលច្រើន ឯតម្លៃធ្លាក់ចុះ បែរជាឡើងថ្លៃជាងរាល់ឆ្នាំ ធ្វើឲ្យកសិករលក់បានប្រាក់ច្រើនគួរសម ដើម្បីទុកផ្គត់ផ្គង់គ្រួសារ ទោះបីមានបញ្ហាកូវីដ១៩ ជាពិសេសប្រជាពលរដ្ឋអ្នកដាំទុរេន បានស្នើក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយធ្វើឡាយសិន ដើម្បីកំណត់អត្តសញ្ញាផ្លែទុរេនប្រចាំស្រុកសំឡូត ដើម្បីចៀសវាការលួចបន្លំម៉ាក។
កសិករម្នាក់ឈ្មោះ ថាក់ លីលីន រស់នៅភូមិកន្ទួតឃុំសំឡូត បានប្រាប់ឲ្យដឹងថា បញ្ហាប្រែប្រួលអាកាសធាតុ ដោយឆ្នាំនេះ មានអាកាសធាតុក្ដៅ ធ្វើឲ្យទុរេននៅស្រុកសំឡូត ឆាប់បានប្រមូលផលជាងរាល់ឆ្នាំ គឺចាប់ផ្ដើមផ្លែទុរេនទុំមួយៗ នៅក្នុងខែមេសា និងអាចប្រមូលផលបានច្រើននៅខែឧសភា ប៉ុន្តែរាល់ឆ្នាំទាល់តែចុងខែមិថុនា ឬដើមខែកក្កដា ទើបអាចប្រមូលផលច្រើនគ្នា។ មួយវិញទៀត ទោះជាអាកាសធាតុក្ដៅនិងមានខ្យល់ខ្លាំង ប៉ុន្តែមិនសូវប៉ះពាល់ដល់ដំណាំទុរេនរបស់ពួកគាត់នោះទេ គឺខុសប្លែកពីតំបន់មួយចំនួនដែលប៉ះពាល់ ហើយដោយមានការថែទាំនិងពេលមានជំងឺ ត្រូវបានបង្ការទាន់ពេលវេលា ធ្វើឲ្យផ្លែទុរេនឆ្នាំនេះ ទទួលបានផលច្រើន។
លោក សើ សាម៉េត អភិបាលស្រុកសំឡូត បានមានប្រសាសន៍ថា បច្ចុប្បន្ននៅស្រុកសំឡូត មានផ្ទៃដីដាំទុរេនចំនួន៤៨២ហិកតា ចំនួននេះបានកើនឡើងជាបន្តបន្ទាប់ ហើយបច្ចេកទេសការដាំទុរេន ក្រៅពីអ្នកមានជំនាញកសិកម្មផ្នែកដាំទុរេនមកបង្រៀន ដោយក្រោមការសម្របសម្រួល របស់អាជ្ញាធរស្រុក បានស្នើដល់អ្នកជំនាញជនជាតិថៃ មកជួយបង្រៀនបន្ថែមពីការថែទាំ ក៏ដូចជាការដាក់ជីជាដើម។
ទាំងអាជ្ញាធរនិងពលរដ្ឋ បានអំពាវនាវ ដល់អ្នកទិញផ្លែទុរេនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះមនុស្សមួយចំនួន លក់ផ្លែទុរេនសំឡូត ក្នុងខែមីនា និងខែមេសា ព្រោះថាទុរេននៅសំឡូត ក្នុងអំឡុងខែទាំងពីរនេះ ពុំមានទុំច្រើនរហូតដល់លក់ចេញក្រៅនោះទេ ព្រោះតាមចម្ការ ពិសេសក្នុងខែមេសា មានទុំត្រឹមតិចតួច ហើយមួយវិញទៀត ពួកគេក៏ស្នើក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយធ្វើឡាយសិន ដើម្បីកំណត់អត្តសញ្ញាផ្លែទុរេនប្រចាំស្រុកសំឡូត ឲ្យបានច្បាស់លាស់ កុំឲ្យមានការលួចបន្លំ។
គួរបញ្ជាក់ថា ផ្លែទុរេននៅស្រុកសំឡូត មានច្រើនប្រភេទ មានទុរេនភូមិលី ធូរេនឈុននី ទុរេនម៉ានថង និងទុរេនដូនតា ដែលរស់ជាតិនៃទុរេនទាំងអស់នេះ មានរស់ជាតិប្លែកៗគ្នាខ្លះ ហើយតម្លៃវិញ ក៏ទាបខ្ពស់ជាងគ្នាផងដែរ៕
ដោយ៖ អ៊ុងសារុំ