ស្របពេលដែលវីរុសកូរ៉ូណា ឬ Covid-19 មិនទាន់ផុតរលត់ នៅលើពិភពលោក ឥឡូវនេះ បានលេចចេញវីរុសគំរាមកំហែងថ្មីមួយប្រភេទទៀត មានឈ្មោះថា DIV1 ដែលត្រូវបានរកឃើញនៅក្នុងបង្គា បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់អ្នករកស៊ីមុខរបរនេះ។
វីរុស DIV1 នេះ ត្រូវបានរកឃើញថា បានឥទ្ធិពលជាពិសេសទៅលើបង្គា ប៉ុន្តែ មិនទាន់ដឹងថា វាអាចចម្លងវីរុសទៅកាន់មនុស្សបានដែរ ឬយ៉ាងណានោះទេ។ ទោះយ៉ាងណា មូលហេតុចំបងនៃការព្រួយបារម្ភ ចំពោះវីរុសនេះ គឺទាក់ទងថាបើវានឹងប៉ះពាល់ដល់អាជីវកម្មបង្គាដែរទេ។
វីរុស DIV1 នេះ ត្រូវបានដឹងថា បានឆ្លងភាគច្រើនក្នុងចំណោមបង្គា ហើយវាបង្កឲ្យមានអត្រាមរណខ្ពស់ស្ទើរតែមិនគួរឲ្យជឿ។ យោងតាម South China Morning Post វីរុសនេះ ដំបូងឡើយ ត្រូវបានរកឃើញនៅក្នុងឆ្នាំ២០១៤ ហើយចាប់តាំងពីនោះមក បានធ្វើឲ្យកសិករចិញ្ចឹមបង្គាមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការខាតបង់ហិរញ្ញវត្ថុរបស់ពួកគេ។
ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ចំនួនបង្គាសរុបនៅក្នុងស្រះ អាចត្រូវបានសម្លាប់ ប្រសិនបើបង្គាមួយក្បាលមានផ្ទុកវីរុសនេះ។ ហើយរឿងនេះនឹងកាន់តែអាក្រក់ គឺនៅពេលដែលវីរុសនេះបានផ្តោតសំដៅលើបង្គា ពោលគឺគ្រប់ពេលនៃជីវិតរបស់ពួកវា ដែលនឹងនាំឲ្យមានការបំផ្លិចបំផ្លាញហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដល់កសិករចិញ្ចឹមបង្គា។
ទាក់ទងនឹងករណីនេះផងដែរ កសិករម្នាក់នៅក្នុងប្រទេសចិន ត្រូវបានគេរាយការណ៍ថា បានខាតបង់ប្រាក់រហូតដល់ ១,៤០៤,១៤៣.១១ ដុល្លារ ដោយសារតែលទ្ធផលនៃវីរុសនេះ។
សញ្ញាណធម្មតានៃវីរុសនេះនៅក្នុងបង្គា អាចត្រូវបានគេមើលឃើញនៅពេលដែលសម្បករបស់វា ចាប់ផ្តើមប្រែជាក្រហម និងទន់ មុនពេលវាលិចចូលក្នុងបាតស្រះ។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Phùng Đức Tiến បានអំពាវនាវឱ្យមានការការពារការរត់ពន្ធសត្វបង្គា កូនបង្គា និងចំណីកសិកម្ម ដើម្បីការពារកុំឲ្យមេរោគឆ្លងចូលប្រទេសវៀតណាម។
នៅពេលនេះទាន់ មិនទាន់មានសញ្ញាណាមួយនៃវីរុសនេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសវៀតណាមនោះទេ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ worldofbuzz)