បុរសអ្នកដឹកជញ្ជូនអាហារម្នាក់ ត្រូវបានគេថត ខណៈឡើងលើរបងទ្វារផ្ទះយ៉ាងលឿន បន្ទាប់ពីគាត់ត្រូវបានធ្វើឲ្យព្រលឹងចុងសក់ ដោយឆ្កែអនាថាមួយក្បាល ស្ថិតនៅខាងក្រៅផ្ទះមួយកន្លែង នៅក្នុងភូមិ Abang តំបន់ Terengganu ប្រទេសម៉ាឡេស៊ី។ នេះជាបទពិសោធន៍ដ៏ប្រឈមនឹងគ្រោះថ្នាក់មួយ ដែលអ្នកដឹកជញ្ជូនទាំងឡាយ ត្រូវមានការប្រុងប្រយ័ត្ន ខណៈដឹកជញ្ជូនទំនិញទៅដល់ផ្ទះអតិថិជន។
តាមរយៈហ្វេសប៊ុកឈ្មោះ kini.viral បានចែករំលែកវីដេអូដ៏អស់សំណើចមួយ ដោយបានសរសេររៀបថា ខណៈកំពុងឈរនៅមុខផ្ទះអតិថិជន បុរសជាអ្នកដឹកជញ្ជូនអាហារម្នាក់ ស្រាប់ត្រូវបានឆ្កែ១ក្បាល ឈ្លបស្ទុះចូលគំរាមខាំ ដែលជាហេតុធ្វើឲ្យគាត់ភ័យស្លន់ស្លោ ស្រវ៉ាឡើងរបងទ្វារទាំងព្រលឹងចុងសក់តែម្តង។
ទោះយ៉ាងណា បន្ទាប់មក នារីជាម្ចាស់ផ្ទះបានដឹង ក៏កាន់រំពាត់ចេញមកដេញវារត់ទៅឆ្ងាយបាត់ទៅ។ នេះចាត់ទុកជាសំណាងហើយ ដែលម្ចាស់ផ្ទះបានដឹង ពុំនោះសោតច្បាស់ជាវីវរនៅលើរបងនោះហើយ។
តែអ្វីដែលហួសចិត្តបំផុត គឺត្រង់ថា បុរសម្នាក់នៅក្នុងរថយន្ត ដែលបានឃើញហេតុការណ៍ដ៏បុកពោះនេះហើយ ពុំមានចិត្តជួយបណ្តេញឆ្កែចេញទេ តែបែរទុកធ្វើជារឿងលេងសើច មិនអាណិតគ្នាសោះឡើយ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ worldofbuzz)