ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) បន្តលើជំពូកទី៣ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញ ចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ អគ្គនាយក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ នៅទីស្តីការក្រសួងមហាផ្ទៃ រសៀលថ្ងៃអង្គារទី៩ ខែមិថុនា ឆ្នាំ២០២០នេះ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ប៊ុន ហុន បានឱ្យដឹងថា សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះដែរ កាលពីថ្ងៃទី ១៩ ខែឧសភាឆ្នាំ ២០២០កន្លងទៅ អង្គប្រជុំទាំងមូលបានពិភាក្សាជាបន្តបន្ទាប់ ហើយនៅក្នុងថ្ងៃនេះផងដែរអង្គប្រជុំនឹងចាប់ផ្តើមពិភាក្សានៅជំពូកទី៣ នៃ សេចក្តីព្រាងអនុក្រឹត្យនេះបន្តទៀត។
ឯកឧត្តម ប៊ុន ហុន បានបង្ហាញសង្ឃឹមថា សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) នឹងអាចបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។ ហើយបន្ទាប់ពីបញ្ចប់ សេចក្តីព្រាងអនុក្រឹតស្តីពីការគ្រប់ គ្រងអាកាសយាន គ្មានមនុស្សបើក(ដ្រូន)នេះ ក្រសួងមហាផ្ទៃនឹងមានរៀបចំកិច្ចប្រជុំជាមួយ អន្តរក្រសួងដែលពាក់ព័ន្ធ ហើយបន្តប្រជុំជាមួយអន្តរក្រសួងនានាបន្ថែមទៀតមុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។
សូមបញ្ជាក់ថា កិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ បានធ្វើឡើងពីរលើករួចមកហើយ ដោយសេចក្តីព្រាងអនុក្រឹត្យស្តីទាំងមូល មានបទប្បញ្ញត្តិទូទៅទាំងអស់៩ជំពូក និង៣៨មាត្រា។ ដោយអនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងអាកាសយានគ្មានអ្នកបើក (ដ្រូន) គ្រប់ប្រភេទដើម្បីធានា សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អនុក្រឹត្យនេះផងដែរ គឺមានគោលបំណងកំណត់អំពីការចុះបញ្ជីការ ការអនុញ្ញាតផលិត ការកែច្នៃ ការប្រើប្រាស់ និងការកំណត់ តំបន់ហាមឃាត់ការប្រើប្រាស់សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង អាកាសយានគ្មានមនុស្សបើក (ដ្រូន)។
ជាពិសេសអនុក្រឹត្យនេះមានវិសាលភាព អនុវត្តចំពោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) គ្រប់ប្រភេទនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែការផលិត ការកែច្នៃ និងការប្រើប្រាស់ដែលបម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល៕
ដោយ៖ កូឡាប