ក្រចេះ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វបង្ក្រាបគ្រឿងញៀនបានទំងន់ជិត៤ខាំ ដោយចាប់ឃាត់ខ្លួនមនុស្ស២នាក់។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោលន់ សុផាត ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ កម្លាំងប៉ុស្តិ៍រដ្ឋបាលចំបក់ និងកម្លាំងប្រជាការពារ បានបើកប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមាត់ទន្លេ ភូមិចំបក់១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា។
អធិការនគរបាលស្រុកព្រែកប្រសព្វលោកវរសេនីយ៍ឯក ច័ន្ទ សុផល្លា បានឲ្យដឹងថា ជនជាមុខសញ្ញាដែលត្រូវបានឃាត់ខ្លួននេះមាន៖
១-ឈ្មោះ វន វាសនា អាយុ២៥ឆ្នាំ និង២-ឈ្មោះ ហាក់ វេងរ៉ក អាយុ២១ឆ្នាំ។ ពួកគេទាំងពីរនាក់ រស់នៅភូមិឫស្សី កែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ។ ជាមួយនិងប្រតិបត្តិការនេះ នគរបាលក៏បានចាប់យកវត្ថុតាងរួមមាន៖
១-ម្ស៉ៅក្រាមពណ៌សសង្ស័យប្រភេទម៉ាទឹកកកចំនួន១៥កញ្ចាប់( ធំ៤កញ្ចប់ និងតូច១១កញ្ចប់)
២-ម៉ូតូវេវអាលហ្វាចំនួន១គ្រឿង។ ពួកគេទាំងពីរកំពុងឃាត់ខ្លួនដើម្បីបន្តនីតិវិធី៕ ដោយ៖កូឡាប