ខេត្តស្វាយរៀង៖បុរសម្នាក់ត្រូវក្រុមគ្រួសារប្រទះឃើញស្លាប់ ក្នុងស្រះទឹក បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិប្រញាប់ប្រញាល ជួយស្រង់ដាក់លើគោក ធ្វើចលនាដៃជើងអកុសល យឺតពេលទៅហើយ ខណៈស្រវឹងស្រាសង្ស័យរអិលជើងលង់ទឹកស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច ភូមិដែកភ្លើងឃុំរាជមន្ទី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា បុរសខាងលើមានឈ្មោះ
ឈ្មោះ ងិន ទិត្យ អាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ។
បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុឪពុករបស់ខ្លួន បានផឹកស្រាស្រវឹង ហើយក៏បានត្រឡប់មកផ្ទះ រួចដើរសំដៅទៅស្រះទឹកខាងក្រោយផ្ទះ ដើម្បីបត់ជើងតូចប្រមាណជាកន្លះម៉ោង បាត់មិនឃើញមកវិញ ទើបក្រុមគ្រួសារមានការសង្ស័យ ក៏នាំគ្នាដើររកស្រាប់តែប្រទះឃើញក្នុងទឹកស្រះ បង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយពីសមត្ថកិច្ចនគរបាលស្រុក និងគ្រូពេទ្យបានពិនិត្យសព រួចមិនមានស្នាកស្នាមអ្វីសម្គាល់ជារឿងឃាដកម្មដោយស្លាប់ ដោយលង់ទឹកពិតប្រាកដមែន ៕
ដោយ៖វ៉ៃកូ