ខេត្តស្វាយរៀង:ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃសុក្រ៧ទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្ត្ររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៣៩គ្រួសារ ស្ថិតនៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ព្រះរាជអំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ ៥០គីឡូ មី ១កេស (៣០កញ្ចប់) ឃីត ១កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់(៤មx៦ម) សាប៊ូដុំ ៥ដុំ និងអាវយឺតស្លាកព្រះរាជអំណោយ ចំនួនមួយ។
ចំពោះថវិកា៖ សម្រាប់គ្រួសាររលំផ្ទះចំនួន៤ខ្នង ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន៨០០,០០០រៀល។ សម្រាប់គ្រួសាររងគ្រោះរបើកដំបូលចំនួន៣៥ខ្នង ក្នុងមួយគ្រួសារទទួលបានថវិការចំនួន៤០០,០០០រៀលផងដែរ៕
ដោយ៖ វ៉ៃកូ