បាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវ និងជំរុញពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំង ពីវិបត្តិជំងឺកូវីដ១៩ រស់នៅក្នុងខេត្តបាត់ដំបង មកដាក់ពាក្យស្នើសុំជំនួយពីរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយជូនឲ្យបានទាន់ពេលវេលា ។
កាលរលើកឡើងបែបនេះ ក្នុងពិធីចែកអំណោយដល់ពលរដ្ឋក្រីក្រចំនួន ៥០គ្រួសារក្នុងសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាពលរដ្ឋ ដោយសារបញ្ហាជំងឺកូវីដ១៩ គឺកន្លងមកអាជ្ញាធរខេត្ត សហការជាមួយក្រសួងមុខងារសាធារណៈ ចុះស្រង់ស្ថិតិ ដើម្បីផ្ដល់ជាជំនួយដល់ពួកគាត់។ ចំពោះការផ្ដល់ជំនួយនេះ សម្រាប់តែពលរដ្ឋក្រីក្រលំបាកខ្លាំង មកដាក់ពាក្យ ដើម្បីឲ្យអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធធ្វើការវាយតម្លៃ និងមើលទៅតាមលទ្ធភាពជាក់ស្ដែងរបស់ពលរដ្ឋ មុននឹងធ្វើរបាយការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីទទួលបានជំនួយពីរាជរដ្ឋាភិបាល។ បច្ចុប្បន្នក្នុងខេត្តបាត់ដំបង កំពុងជួបនូវវិបត្តិចំនួន២ គឺបញ្ហាពលរដ្ឋរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ និងបញ្ហាមួយទៀតគឺគ្រោះធម្មជាតិ រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងប្រមាណជាង ១០០០គ្រួសារ បានរងផលប៉ះពាល់គ្រោះធម្មជាតិនេះ៕
ដោយ៖អ៊ុងសារុំ