Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រានព្រៃ​ម្នាក់​បាញ់ស្វា​កន្ទុយ​ស ​ចំ​កណ្ដាល​ក្បាល​បណ្ដាល​ឲ្យ​ស្លាប់​

​ភ្នំពេញ ​៖​ ស្វា​កន្ទុយ​ស ដែលជា​សត្វ​កម្រ​នៅ​ខេត្តស្ទឹងត្រែង ត្រូវគេ​បាញ់​ចំ​កណ្ដាល​ក្បាល​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម នា​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ក្រឡា​ពុះ ភូមិ​ស្វាយរៀង ឃុំ​តា​ឡា​ត ស្រុក​សេសាន ខេត្តស្ទឹងត្រែង​។ ក្រសួងបរិស្ថាន សម្ដែង​ការសោកស្ដាយ និង​ថ្កោលទោស​ចំពោះ​ការបាញ់​សម្លាប់សត្វ​ស្វា​កន្ទុយ​ស​នៅ​ខេត្តស្ទឹងត្រែង ហើយ​ជនល្មើស​នឹងត្រូវ​បញ្ជូន​ទៅ​តុលាការ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​បាញ់សម្លាប់​សត្វ​ស្វា​កន្ទុយ​ស​នេះ ឈ្មោះ ណាំ យ៉ុ​ន អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្វាយរៀង ឃុំ​តា​ឡា​ត ស្រុក​សេសា​ន​។ ក្នុងនោះ​សមត្ថកិច្ច​ដកហូត​បាន សត្វ​ស្វា (​ប្រភេទ​ស្វា​កន្ទុយ​ស​) ចំនួន​០១​ក្បាល និង​អាវុធ​កែច្នៃ (​កាំភ្លើង​ខ្យល់​) ចំនួន​១​ដើម​ផងដែរ​។​ក្រោយ​មាន​ហេតុការណ៍​នេះ កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី បាន​ស្រាវជ្រាវ​ភ្លាមៗ ដោយ​សហការ​ជាមួយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រហូត​ឈានដល់​ការចាប់ខ្លួន​បាន​ជនសង្ស័យ​ផងដែរ​។​

​លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន នៅ​យប់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​សម្ដែង​ការសោកស្ដាយ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ការបាញ់​សម្លាប់សត្វ​ស្វា​កន្ទុយ​ស នៅ​ខេត្តស្ទឹងត្រែង ដែលជា​ប្រភេទ​សត្វ​កម្រ នៅក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក​។​

ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នេះ ត្រូវបាន​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ចាប់ខ្លួនបាន​ហើយ និង​បានប្រគល់​ឲ្យ​មន្ដ្រី​បរិស្ថាន ដើម្បី​ត្រៀម​បញ្ជូនទៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០ ។​

​ចំពោះ​ជនសង្ស័យ​ដែល​បាន​បាញ់សម្លាប់​សត្វ​ស្វា​កន្ទុយ​ស ដែលជា​សត្វ​កម្រ​នៅក្នុង​ពិភពលោក នឹងត្រូវ​បញ្ជូនទៅ​តុលាការខេត្ត​ស្ទឹងត្រែង ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​នៅ​ស្អែក​។ ពេលនេះ​មន្ដ្រី​ក្រសួងបរិស្ថាន បានទទួល​ជនសង្ស័យ​ពី​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ហើយ​។ សពសត្វ​ស្វា​កន្ទុយ​ស ដែល​ត្រូវ​ជនសង្ស័យ​បាញ់សម្លាប់​នេះ សមត្ថកិច្ច​បាន​យកទៅ​ដុត​រំលាយសព​រួចរាល់​ហើយ នៅ​ល្ងាច​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ​។​

លោក នេត្រ ភក្ដ្រា បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ សត្វ​ស្វា​កន្ទុយ​ស នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ប្រមាណ​ជាង​២​ម៉ឺន​ក្បាល ដែល​កំពុងមាន​វត្ត​នៅ​ភាគ​ខាងកើត និង​ខាងជើង​ទន្លេមេគង្គ ពោល​មាននៅ​ខេត្តមណ្ឌលគិរី ស្ទឹងត្រែង រតនគិរី និង​ខេត្តព្រះវិហារ​។ ខេត្តមណ្ឌលគិរី ជា​ខេត្ត​ដែលមាន​សត្វ​ស្វា​កន្ទុយ​ស​ច្រើនជាងគេ ពិសេស​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​។​

បន្ថែម​ពីនេះ ក្នុងនាម​ក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​អ្នក​នៅ​តំបន់​ព្រៃភ្នំ សូម​បញ្ឈប់​ការបាញ់​សម្លាប់សត្វ ដើម្បី​យកមក​ធ្វើជា​ចំណីអាហារ ឬ​ដើម្បី​ផលប្រយោជន៍​ផ្សេងៗ ព្រោះថា​មកទល់ពេលនេះ សត្វព្រៃ​មួយចំនួន​បាន​ជិត​ផុត​ពូជ​ទៅហើយ​៕ ដោយ​៖​កូ​ឡាប​

×