Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ពិនិត្យ និង​វាយតម្លៃ ការងារ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ របស់​ប្រជាកសិករ នៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្តសៀមរាប

​ភ្នំពេញ​៖ ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម បានប្រកាស​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យដល់​ប្រជាកសិករ​ខិតខំ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ​បន្ថែមទៀត ដើម្បី​ចូលរួម​ធ្វើឱ្យ​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​សម្រេច​ទទួល​បាន​ជោគជ័យ​។ ចំពោះ​ការងារ​បច្ចេកទេស ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ត្រូវ​ឧស្សាហ៍​ចុះមក​ពិនិត្យ តាមដាន​នៅលើ​រាល់​សកម្មភាព​បង្កបង្កើនផល ក្រែង​បងប្អូន​ប្រជាកសិករ​ជួបប្រទះ​នូវ​បញ្ហា ហើយ​ត្រូវ​សហការ​ដោះស្រាយ​ឱ្យបាន​ទាន់ពេល​។​

​សម្រាប់​ចុង​សប្តាហ៍​នេះ តាម​កម្មវិធី​ដែល​បានគ្រោង​ទុក ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដំណើរ​ដោយ​សហការី​បាន​អញ្ជើញ​ទៅ​បំពេញបេសកកម្ម​នៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ជារួម​លើ​ការងារ​បង្កបង្កើនផល ចិញ្ចឹមសត្វ ការងារ​សហគម​ន៍ក​សិ​កម្ម និង​សហគមន៍​ព្រៃឈើ រួមទាំង​កិច្ចការ​សំខាន់ៗ​មួយចំនួនទៀត ដែល​ទាក់ទង​នឹង​ការងារ​ដឹកនាំ គ្រប់គ្រង​មន្ត្រីរាជការ ការអនុវត្ត​បច្ចេកទេស និង​លិខិតបទដ្ឋាន​គតិយុត្ត ដែល​ស្ថិតក្នុង​ចង្កោម​អាទិភាព​សំខាន់ៗ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។
​ដោយ​ផ្តើមចេញពី​ខេត្តកំពង់ឆ្នាំង​កម្មវិធី​សម្រាប់​ថ្ងៃទី​១ មាន​ជា​បន្ត បន្ទាប់​ដូចខាងក្រោម​៖

​កម្មវិធី​ទី​១៖​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម ឈួ​រ ចាន់​ឌឿ​ន អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​មក​ពិនិត្យ​ដំណាំ​ពោត​ចំនួន ៦​ហិកតា របស់​បងប្រុស ហឿង សេង​ហៃ នៅ​តំបន់​អន្លង់​អិន សង្កាត់​កំពង់​ឆ្នាំ ក្រុង​កំពង់​ឆ្នាំ​។ បន្ទាប់មក​បន្តដំណើរ​មក​ពិនិត្យ​ដំណាំ​ស្រូវ​ដើមរដូវ​ចំនួន ៥០០​ហិកតា (​ប្រើប្រាស់​ពូជ​សែន​ក្រអូប ផ្កាក្រវ៉ាន់ និង​ពូជ ៥១៥៤) នៅ​ភូមិ​កំពង់​អុស ឃុំ​កំពង់​អុស ស្រុក​ជល​គិរី​។ ជួប​ជាមួយ​ម្ចាស់​ចម្ការពោត បងប្រុស សេង​ហៃ បាន​រៀប​រាប់ទាំង​ទឹកចិត្ត​សប្បាយរីករាយ​ថា ដោយ​តំបន់​នេះ​មាន​សក្តានុពល​លើ​ដំណាំ​ពោត សណ្តែក និង​ដំឡូងជ្វា គាត់​អាច​ដាំពោត​បាន ២​ដង​ក្នុង ១​រដូវ បន្ទាប់ពី​ប្រមូល​ផល​សណ្តែកបាយ​រួច ហើយ​អាច​ទទួលបាន​ចំណូល ១០​លាន​រៀល មិន​រួម​ចំណូល​ពី​សណ្តែកសៀង និង​ននោង​មូល​ដាំ​លាយ​ជាមួយ​ពោត ១​ថ្ងៃ​លក់បាន ៥០០០០​រៀល​ផង​ទេ​។

​ដោយឡែក ចំពោះ​ដំណាំ​ស្រូវ បងស្រី ច្រឹ​ក គឹម​ឈៀន ដំណាងឱ្យ​កសិករ​ម្ចាស់​ស្រែ បាន​រៀបរាប់​ជា​ហូរហែរ​អំពី​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​ស្រូវ គិត​ចាប់ពី​ពូជ ព្រោះ មើលថែទាំ និង​ប្រមូល​ផល​។ ជាទូទៅ​កសិករ​តំបន់​នេះ ប្រើ​ពូជ​សែន​ក្រអូប និង​ផ្កាក្រវ៉ាន់ ដែល​ពូជ​ទាំងពីរ​នេះ​ទទួលផល​បាន​ជាង ៦​តោន​ក្នុង​មួយ​ហិកតា លក់បាន ១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ដោយឡែក​ពូជ​អី​អ៊ែរ ៥១៥៤ ទិន្នផល​ទទួលបាន ៨​តោន​ក្នុង​មួយ​ហិកតា តម្លៃ​លក់បាន ៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ការ​ព្រោះស្រូវ និង​ប្រមូល​ផល​គឺ​ប្រើ​គ្រឿងយន្ត​ទាំងអស់ ជាពិសេស​លក់​ផល​ស្រូវ​នៅ​ស្រែ​តែម្តង ហើយ​ករណី​ខ្លះទៀត​ឈ្មួញ​ចុះ​មកឱ្យ​តម្លៃ​ស្រូវ​តាំងពី​ស្រូវ​ចាប់ផ្តើម​ដាក់​គ្រាប់​ម្លេះ​។ ក្រៅពី​ដំណាំ​ស្រូវ កសិករ​ក៏មាន​ដំណាំ​រួមផ្សំ​មាន​ម្ទេសដៃនាង និង​សណ្តែកបាយ​។ ក្នុង​មួយឆ្នាំៗ គ្រួសារ​នីមួយៗ ទទួលបាន​ចំណូល​មិនតិចជាង ១០​លាន​រៀល ប៉ុន្តែ​វា​អាស្រ័យ​លើ​ផ្ទៃដី​ដែល​គ្រួសារ នីមួយៗ​មាន​។​

ដោយ​ឡែ​ង បងស្រី សំរិទ្ធ ណុន ប្រធាន​សហគមន៍​កំពង់​អុស​ពន្លឺ​ច័ន្ទ ក៏បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ផងដែរ អំពី​ដំណើរការ​វិវឌ្ឍន៍​រីកចម្រើន របស់​សហគមន៍​ចាប់តាំងពី​ថ្ងៃ​បង្កើត​នៅ​ឆ្នាំ​២០១០ រហូតមកទល់​បច្ចុប្បន្ន​មាន​សមាជិក ១៨៧​នាក់ ចំនួន​ភាគហ៊ុន ៦៤០​ហ៊ុន ស្មើនឹង​ទឹកប្រាក់​ជាង ៥៧​លាន​រៀល បើ​ធៀប​នឹង​ថ្ងៃ​បង្កើត​មាន​ត្រឹមតែ​ជាង ៣​លាន​រៀល ដោយ​កំណើន​ទុន​នេះ​បានមកពី​ការធ្វើ​អាជីវកម្ម​ផលិត​ស្រូវពូជ ស្រូវ​ចំណី ឥណទាន​កសិកម្ម និង​ចិញ្ចឹម​មាន់ និង​នេសាទ​។ ពិសេស​ជាង​នេះ សហគមន៍​បាន​គ្រប់គ្រង និង​អភិរក្ស​ដែន​នេសាទ​ចំនួន ៤២​ហិកតា ដែល​បច្ចុប្បន្ន​ដែន​នេះ​សម្បូរ​ត្រី សម្រាប់​ផ្តល់​ជា​ប្រភព​ចំណូល ដល់​សហគមន៍​បាន​មួយចំណែក​ធំ ជាពិសេស​រក្សា និង​ការពារ​ពូជ​ត្រី​ទឹកសាប​បាន​ច្រើន​ប្រភេទ​ទៀតផង​។​

​ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​អភិបាលខេត្ត បាន​ចូលរួម​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដែល​បង ម្ចាស់​ចម្ការពោត និង​ម្ចាស់​ស្រែ​ទទួលបាន​នាពេលនេះ ទិន្នផល​មានការ​កើនឡើង ទីផ្សារ​ផលិតផល​ល្អ និង​និរន្តរភាព​នៃ​ប្រាក់ចំណូល​ក្នុង​គ្រួសារ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង ក៏ដូចជា​ឯកឧត្តម​អភិបាលខេត្ត បាន​សម្តែង​នូវ​ការគាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​ខិតខំ​បន្ថែមទៀត ដើម្បី​ចូលរួម​ធ្វើឱ្យ​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​នា​ឆ្នាំ​២០៣០ និង​២០៥០ សម្រេច​ទទួលបាន​ជោគជ័យ​។ ចំពោះ​ការងារ​បច្ចេកទេស ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្រូវ​ឧស្សាហ៍​ចុះមក​ពិនិត្យ តាមដាន​នៅលើ​រាល់​សកម្មភាព​បង្កបង្កើនផល ក្រែង​បងប្អូន​ប្រជាកសិករ​ជួបប្រទះ​នូវ​បញ្ហា ហើយ​ត្រូវ​សហការ​ដោះស្រាយ​ឱ្យបាន​ទាន់ពេល​៕
ដោយ​៖​បញ្ញា​ស័ក្តិ​

×