ភ្នំពេញ៖ស្របតាមកំណើនរបស់ប្រជាពលរដ្ឋ ចេះតែកើនឡើងជាលំដាប់ ដោយនៅមកដល់ពេលនេះ ទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅ អាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀត មានសរុបប្រមាណជាង៣លាន។ ទន្ទឹមនឹងកំណើននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តមដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យការរដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ កាលពីព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ស្របពេលដែលស្ពាននេះ ស្ថាបនាបានរួចរាល់ប្រមាណជា៩៥ភាគរយហើយ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ភ្នំពេញរបស់យើងមកដល់ពេលនេះ ទាំងអ្នកស្នាក់អាស្រ័យ ទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍មានចំនួនប្រមាណជាងបីលាននាក់ ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញយើង ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងការកសាងផ្លូវ លូ ជាមួយនឹងការកសាងស្ពានអាកាសក្រោមដី លើដី និងស្ពានអាកាសថ្មើជើងជាដើម ដើម្បីរំដោះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។ ជាក់ស្ដែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាស្ពានអាកាសថ្មើរពីរកន្លែងបន្ថែមទៀត នោះគឺស្ពានអាកាសថ្មើរជើងផ្សារដើមគរ និងស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក។
ឯកឧត្តមបញ្ជាក់ទៀតថា ដើម្បីតម្រូវការទៅតាមការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ និងកសាងស្ពានអាកាសថ្មើជើងចំនួន២៥ទីតាំងទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការកកស្ទះ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ ។
ឯកឧត្តមឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ភ្នំពេញពិតជាមានការអភិវឌ្ឍយ៉ាងលឿន ជាក់ស្ដែងបើតាមការសិក្សាអង្គការចៃកា បានបង្ហាញថា ស្ពានលីយ៉ុងផាត់ ឬស្ពានព្រែកព្នៅ នឹងស្ថាបនាឡើងរួចរាល់នៅឆ្នាំ២០២០ ប៉ុន្តែវាមិនដូច្នោះទេ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ស្ពានលីយ៉ុងផាត់ហៅស្ពានព្រែកព្នៅ ស្ថាបនាបានរួចរាល់តាំងពីឆ្នាំ២០១០មកម្លេះ មានន័យថា យើងបានអភិវឌ្ឍន៍លឿនមុន១០ឆ្នាំ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន Space media Co,Ltd ថា គិតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរនេះ បានសម្រេចលទ្ធផលប្រមាណជា៩៥ភាគរយហើយ គឺនៅសល់តែការក្រាលកម្រាលថ្មើរជើង ការសម្អាត ការតុបតែង ការតភ្លើង និងការលាបថ្នាំជាដើម ហើយការងារនេះនឹងបញ្ចប់នៅ៣សប្តាហ៍ទៀត។
ចំណែកស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
គួរបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ និងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិ មានការអភិវឌ្ឍនិងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕
ដោយ៖កូឡាប