ខេត្តប៉ៃលិន ៖ ខេត្តប៉ៃលិនមានលទ្ធភាពផលិតបាន កសិផលជាច្រើនប្រភេទ ដូចជា ពោតក្រហម ដំឡូងមី សណ្តែកសៀង មៀនប៉ៃលិន មៀនក្រអូប ស្វាយ ក្រូចពោធិ៍សាត់ សាវម៉ាវ ទុរេន ខ្នុរ ទៀប ត្របែក និងកៅស៊ូ ដែលដាំដុះនៅលើផ្ទៃដីសរុប ៦៩.២៤៦ហិកតា ភាគច្រើននាំចេញទៅប្រទេសថៃ។
លោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត ប៉ៃលិន បានឲ្យដឹងថា បច្ចុប្បន្នបញ្ហានៃការនាំចេញកសិផល របស់ខេត្តទៅកាន់ទីផ្សារថៃ មានដំឡូងមី ពោតក្រហម និងមៀនប៉ៃលិន កំពុងកកស្ទះដោយសាររបាំងបច្ចេកទេសនៃប្រទេសនាំចូល។
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម វេង សុខុន បានកំពុងរកដំណោះស្រាយអំពីបញ្ហាទីផ្សារមៀនប៉ៃលិន ដែលកកស្ទះដោយសារថៃមិនឲ្យនាំចូល។ ជាមួយគ្នានេះ រដ្ឋមន្ត្រី និងអាជ្ញាធរខេត្តប៉ៃលិន បានចុះជួបជាមួយសសហគមន៍មានប៉ៃលិន បន្ទាប់ពីទទួលបានលិខិតស្នើសុំពីសហគមន៍មៀនខេត្តបាត់ដំបង និងខេត្តប៉ៃលិន ឱ្យក្រសួង ជួយអន្តរាគមន៍ ស្វែងរកទីផ្សារកសិផលមួយចំនួន ដែលកំពុងកកស្ទះ ជាពិសេសមៀនប៉ៃលិន។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់សហគមន៍មៀនប៉ៃលិនថា ក្រសួងកំពុងពុះពារ ជំរុញ និងចចារជាមួយភាគីចិនយ៉ាងយកចិត្តទុកដាក់ និងស៊ីជម្រៅទាំងការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សំខាន់ៗដែលភាគីនាំចេញ ត្រូវបំពេញឱ្យខាងតែបាន។
ឯកឧត្តមអភិបាលបានលើកឡើងថា ខេត្ត ក៏ដូចជាវិនិយោគិន ខ្វះទុនសម្រាប់សាងសង់រោងចក្រកែច្នៃជាផលិតផលសម្រេច ដូចជា រោងសម្ងួត វេចខ្ចប់ និងឃ្លាំងស្តុកជាដើម ដែលកិច្ចការនេះទាមទារការវិនិយោគដើម្បីជួយជំរុញកសិផលរបស់ខេត្ត មានទីផ្សារទាំងផលិតផលស្រស់ និងកែច្នៃ។
តាមរបាយការណ៍របស់សហគមន៍មៀនខេត្តប៉ៃលិនបានឲ្យដឹងថា បច្ចុប្បន្នមៀនប៉ៃលិនមានផ្ទៃដីដាំដុះសរុបទូទាំងខេត្តប្រមាណជា ៣.២៥០ ហិកតា បានផ្តល់ទិន្នផលបានជាង ៣.២៥០០ តោនក្នុងមួយឆ្នាំ ដែលផលិតកម្មមួយនេះ បានបង្កើតការងារជូនប្រជាជននៅមូលដ្ឋានបានរាប់ពាន់នាក់៕
ដោយ៖ CEN