Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ នៅ​ស្រុក​មោង​ជិត ៧០​គ្រួសារ ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​បាត់ដំបង​

​ខេត្តបាត់ដំបង​៖ ពលរដ្ឋ​ចំនួន​៦៨​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ស្ថិតក្នុង​ឃុំ​ចំនួន​៣ នៅ​ស្រុក​មោងឫស្សី បានទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង ។​
​ពិធី​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ពលរដ្ឋ​នាពេលនោះ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុយ រី អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​។​

​ឯកឧត្តម អ៊ុយ រី អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង បាន​សម្តែង​នូវ​ការសោកស្ដាយ ចំពោះ​ការខូចខាត​ផ្ទះសម្បែង​ទ្រព្យសម្បត្តិ រហូតដល់​មានការ​បាត់បង់​អាយុជីវិត សមាជិកគ្រួសារ​ទៀត ដែល​នេះ​ជា​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ គ្មាន​នរណាម្នាក់​ចង់​ជួបប្រទះ​ឡើយ​។ ថ្វីត្បិតតែ​អំណោយ​មនុស្សធម៌ បាន​នាំយកមក​ចែកជូន​នេះ មាន​ចំនួន​តិចតួច​ក្ដី មិន​សមល្មម​នឹង​ការខាតបង់រ​បស់បង​ប្អូន តែ​ក៏​អាចជួយ​សម្រាល​ទុក្ខលំបាក​របស់​បងប្អូន​បាន​មួយកម្រិត ហើយក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​ជា​ប្រធាន​។​

​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង បាន​នាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា​ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន បាន​អំពាវនាវ​ដល់​ពលរដ្ឋ មានការ​អត់ធ្មត់​ចូលរួម​ទាំងអស់គ្នា ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែលជា​សោកនាដកម្ម​ដំបូង​នៃ​ការផ្ទុះ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​កូ​វីដ​១៩ គឺជា​មេរៀន សម្រាប់​ពិភពលោក ព្រោះតែ​មិនបាន​ប្រយ័ត្ន​ក្នុងការ​ធ្វើដំណើរ ដែលជា​មូលហេតុ​នៃ​ការចម្លង​៕
​ដោយ​៖​អ៊ុង​សា​រុំ​

×