បាត់ដំបង៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវ ញ៉ែម សាខន សខេង បាននាំទៀនព្រះវស្សា រួមទាំងទេយ្យទាននិងបច្ច័យ ប្រគេនដល់ព្រះសង្ឃចំនួន ៣៦វត្ត នៅក្នុងខេត្តបាត់ដំបង។ ទេយ្យវត្ថុប្រគន់ប្រគេនព្រះសង្ឃទាំង ៣៦វត្តនោះ រួមមានទៀនចាំព្រះវស្សាក្នុងមួយវត្តៗ ចំនួន ១គូរ ស្លាដក ភេសជ្ជៈ ទឹកសុទ្ធ អង្ករ ផ្លែឈើមួយកន្ត្រក ទឹកត្រី ទឹកស៊ីអ៊ីវ រួមទាំងបច្ច័យមួយចំនួនទៀត ប្រគេនព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សាអស់ត្រីមាស រយៈ៣ខែ ជារដូវកាលភ្លៀងធ្លាក់ខ្លាំង ព្រះសង្ឃពិបាកក្នុងការនិមន្តបិណ្ឌបាទចង្ហាន់កាលពីព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០។
ពិធីប្រគេនទៀនព្រះវស្សានិងបរិក្ខាផ្សេងៗនេះ ក្នុងគោលបំណងឧទ្ទិសបុណ្យកុសលជូនវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីមនិងភរិយា ព្រមទាំងមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាលះបង់អាយុជីវិត ក្នុងការស្វែងរកសុខសន្តិភាពជូនពលរដ្ឋដូចបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា ជារៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ នាថ្ងៃទី១ខែអាសាឍ ខាងមុខនោះ ថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធបរិស័ទ តែងនាំទៀនចាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃគ្រប់ៗវត្ត ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ការប្រើប្រាស់ក្នុងពេលវេលានៃការកាន់ព្រះវស្សារយៈពេល៣ខែ តាមពុទ្ធាអនុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់៕
ដោយៈអ៊ុងសារុំ