ស្ទឹងត្រែង៖ តំបន់ទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជាឡាវ នៅតែបង្ហាញសម្រស់ទាក់ទាញ ដល់អ្នកទេសចរ ក្នុងដំណើរកម្សាន្ត។
បើបានទៅដល់ទីនោះ តែងតែលាន់មាត់ថា គឺជាឋានសួគ៌មួយ នៅប៉ែកឦសានប្រទេសកម្ពុជា។
អ្នកលក់ដូរនៅទីនោះ បានប្រាប់ឲ្យដឹងថា ភ្ញៀវទេសចរតែងតែទៅកម្សាន្ត នៅទឹកធ្លាក់ព្រះនិមិតជារៀងរាល់ថ្ងៃ។ តែបើថ្ងៃបុណ្យជាតិឈប់សម្រាក ភ្ញៀវទេសចរសម្រុកទៅកាន់តែច្រើន។
ទឹកធ្លាក់ព្រះនិមិត ស្ថិតក្នុងឃុំកំពង់ស្រឡៅ ២ ស្រុកឆែប ខេត្តព្រះវិហារ។ ដោយម្ខាងទៀត គឺជាទឹកដីព្រំដែនប្រទេសឡាវ។ ណាមួយទៀត ជាប់ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ របស់ខេត្តស្ទឹងត្រែង។
អ្នកទេសចរតែងយល់ច្រឡំថា ទឹកធ្លាក់ព្រះនិមិ្មត ស្ថិតនៅខេត្តស្ទឹងត្រែង។ តាមពិតគ្រាន់តែជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងតែប៉ុណ្ណោះ។ តំបន់ទឹកធ្លាក់មួយនេះ នៅកៀកនឹងព្រំដែនកម្ពុជាឡាវ ខណ្ឌចែកដោយទន្លេ និងជាតំបន់មួយ ដែលឆ្ងាយពីទីរួមខេត្តព្រះវិហារ។
បើយើងធ្វើដំណើរពីក្រុងស្ទឹងត្រែង ឆ្លងកាត់ស្ពានមេគង្គ ឆ្ពោះទៅតាមផ្លូវជាតិលេខ ៩ ស្រុកថាឡាបរិវ៉ាត់។ រួចបន្តតាមផ្លូវបត់ស្ដាំ ក្រាលគ្រួសក្រហម ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។ នោះនឹងបន្តតាមផ្លូវកៅស៊ូ នឹងទៅដល់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ព្រះនិមិ្មត ជាមួយសម្រស់ធម្មជាតិ តាមដងផ្លូវការរស់នៅ របស់ប្រជាពលរដ្ឋស្រុកស្រែចំការ។ តំបន់នោះស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីខេត្តស្ទឹងត្រែងឡើយ។
ហេតុនេះហើយ បានជាអ្នកទេសចរ តែងតែយល់ច្រឡំថា តំបន់ទឹកធ្លាក់ព្រះនិមិ្មត ស្ថិតនៅក្នុងទឹកដីខេត្តស្ទឹងត្រែង។ យើងគ្រាន់តែធ្វើដំណើរពីខេត្តស្ទឹងត្រែង ប្រមាណជិត ១០០ គីឡូម៉ែត្រ នឹងទៅដល់តំបន់ទឹកធ្លាក់។ ទឹកធ្លាក់ព្រះនិមិ្មត គឺជាទឹកជ្រោះធម្មជាតិពូធ្លាក់ ឮទាំងថ្មចូលជ្រោះយ៉ាងជ្រៅ ជម្រៅជាង ១០ ម៉ែត្រដ៏ស្រស់ស្អាតទាក់ទាញ សម្រាប់អ្នកថតរូបទុកជាអនុស្សាវរីយ៍។
នៅទីនោះ យើងអាចភ្លក្សម្ហូបអាហារ ដែលប្រជាពលរដ្ឋលក់តាមបែបខ្មែរឡាវ និងស្ដាប់ការនិយាយភាសារដឺនបែបខ្មែរកាត់ឡាវ។
ដោយសារមានការអភិវឌ្ឍ ផ្លូវទៅកាន់តំបន់នោះ ទើបអ្នកទេសចរស្គាល់កាន់តែច្រើនឡើង ហើយមានអ្នកលក់ដូរព្រោងព្រាត នឹងមានក្រុមហ៊ុនឯកជន កំពុងតែសាងសង់រៀបចំតំបន់ទាក់ទាញនៅទីនោះ។
សូមបញ្ជាក់ថា ទឹកធ្លាក់ព្រះនិមិ្មតយើងអាចទស្សនាបានភាពស្រស់ស្អាត តែរដូវប្រាំងប៉ុណ្ណោះ។ ពេលរដូវវស្សាទឹកទន្លេជាន់ឡើង ទឹកប្រែពណ៌ទៅជាល្អក់បាត់បង់ភាពស្រស់ស្អាត។ ប៉ុន្តែក៏អាចឈរថតរូបស្ដាប់សំឡេងទឹកហូរ ធ្លាក់រាល់ឮយ៉ាងខ្លាំង៕
ដោយ៖សុខុម