បាត់ដំបង៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បុរសម្នាក់ជួញដូររក្សាទុក និងថ្នាំម៉ាទឹកកក២ថង់ និងសម្ភារពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នេះ បានធ្វើឡើង កាលពីម៉ោង១៥និង២៥នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្រុមទី១០ ភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលចាប់ឃាត់ខ្លួនឈ្មោះចន្ដា ជាគុណវិរ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្រុមទី៧ ភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក២ថង់ទម្ងន់០,៦៧ក្រាម ទូរស័ព្ទដៃមួយគ្រឿង និងសម្ភារមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១៥និង២៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្រុមទី១០ ភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកសុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសក្រុង ចុះបង្ក្រាបបានករណីរនេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ហើយ៕ ដោយ៖អ៊ុងសារុំ