បាត់ដំបង៖អាជ្ញាធរខេត្តនិងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានរៀបចំឲ្យមានផ្សារចុងសប្ដាហ៍មួយគឺចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ មានទីតាំងក្នុងក្រុងបាត់ដំបង ដើម្បីផ្ដល់ឱកាសដល់កសិករលក់នូវបន្លែសុវត្ថិភាពឬបន្លែសរីរាង្គ សាច់មាន់ស្រែ រួមទាំងផ្លែឈើ ផលិតផលកែច្នៃផលកសិកម្មផ្សេងៗ។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការរៀបចំឲ្យមានផ្សារចុងសប្ដាហ៍ក្នុងខេត្តនេះ ក្នុងការផ្សព្វផ្សាយ លើកស្ទួយផលិតផលក្នុងស្រុក ដើម្បីឲ្យបានដល់អ្នកប្រើប្រាស់ចុងក្រោយ ឲ្យដឹងពីរបស់ដែលដាំក្នុងស្រុកនិងគុណភាពរបស់វា ហើយបន្ទាប់ពីមានការគាំទ្រនោះ ធ្វើឲ្យអ្នកផលិតសប្បាយចិត្តប្រមូលផ្ដុំគ្នា អាចបំពេញទៅតាមតម្រូវការទីផ្សារបាន។ ពេលមានទីផ្សារច្បាស់លាស់ មានអ្នកគាំទ្រច្រើននោះ ធ្វើឲ្យការផលិតកាន់តែច្រើន ហើយកាន់តែធ្វើឲ្យអ្នកផលិតមានជីវភាពល្អប្រសើរនិងអ្នកទិញក៏បានដឹង បានបរិភោគប្រើប្រាស់របស់មានសុវត្ថិភាព ព្រោះរបស់ទាំងអស់នោះ មានប្រភពត្រឹមត្រូវ។
ក្រុមកសិករបានយកផលិតផលកសិកម្មមកលក់ក្នុងផ្សារនេះ បានលើកឡើងថា ពួកគេសប្បាយចិត្តជាខ្លាំង ដែលគម្រោងអេមបង្កើតឲ្យមានផ្សារនេះឡើយ ព្រោះវាបានផ្ដល់ឱកាសឲ្យ កសិករកាន់តែមានទីផ្សារច្រើនបន្ថែមទៀត ក្នុងការលក់ផលិតកសិកម្មរបស់ខ្លួន ។
សម្រាប់ពលរដ្ឋមកទិញ របស់ក្នុងផ្សារចុងសប្ដាហ៍ បាននិយាយប្រាប់ថា ពួកគាត់គាំទ្រជាខ្លាំង ព្រោះអាចទិញចំណីអាហារដែលមានប្រភពច្បាស់លាស់ បរិភោគទៅមិនប៉ះពាល់ដល់សុខភាព ហើយក៏បានចូលរួមចំណែកលើកស្ទួយផលិតផលរបស់កសិករ និងបានធ្វើឲ្យពួកគាត់កាន់តែមានទឹកចិត្តផលិតបន្ថែមទៀត ។
គួរបញ្ជាក់ថា ផ្សារចុងសប្ដាហ៍នេះ គឺស្ថិតក្នុងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថាអេម របស់រាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីគម្រោងមួយនេះ ទទួលបាននូវលទ្ធផលល្អជាបន្តបន្ទាប់ ពីការសម្របសម្រួលនានា មានការផ្ដល់ប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ការជួយរកអ្នកបច្ចេកទេសបង្រៀនធ្វើកសិកម្មមួយចំនួន និងរកទីផ្សារផ្សេងៗជាដើម ហើយកសិផលមួយចំនួនមកដាក់លក់ក្នុងផ្សារនេះ ក៏មានការគាំទ្រការដាំដុះពីមន្ទីរកសិកម្មខេត្តផងដែរ៕
ដោយ៖អ៊ុងសារុំ