ភ្នំពេញ៖ ក្រសួងធនធានទឹកបានចេញប្រកាសព័ត៌មានប្រាប់ដល់សាធារណជនសូមឲ្យប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានឡើងជាយថាហេតុចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០។
បើយោងតាមសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុធាតុបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុសង្កេតឃើញថាខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្គួរជាមួយនឹងជ្រលងសម្ពាធទាបបន្តអូសបន្លាយលើកម្ពុជា។
ស្ថានភាពបែបនេះធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាមានពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាពអតិបរមាមានពី ៣៣ ទៅ ៣៥អង្សាសេ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរក្នុងនោះក៏មានផ្នែកខ្លះនៃបណ្តាខេត្តនៅភាគពាយ័ព្យជាប់ប្រទេសថៃភាគខាងក្រោមនិងភាគខាងកើតជាប់ប្រទេសវៀតណាមនឹងអាចមានភ្លៀងច្រើន។
នៅបណ្ដាខេត្តតំបន់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា ២៣ ទៅ ២៥ អង្សាសេនិងសីតុណ្ហភាពអតិបរមា ៣១ ទៅ ៣៣ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីខ្សោយទៅមធ្យម។
ចំណែកបណ្ដាខេត្តនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា ២៦ ទៅ ២៨ អង្សាសេ និងសីតុណ្ហភាពអតិបរមា ៣០ ទៅ ៣២ អង្សាសេ និងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ៕ ដោយ៖កូឡាប