បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ និង អាជ្ញាធរថៃ បានឯកភាពជាគោលការណ៍ អនុញ្ញាតឲ្យអាជីវករខ្មែរ ចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញអីវ៉ាន់មកវិញ តាមរយៈរថយន្ត ចំនួន ៥០ ឡាន មនុស្សក្នុង១ ឡាន ២នាក់ ដោយមានការបំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល ដោយពុំអនុញ្ញាតឲ្យមានការចូលទៅលក់ដូរនោះទេ ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រជុំជាមួយ ឯកឧត្តម ឯកឧត្តម វរ៉ាផាន់សុវាណុន H.E .WORAPHAN SUWANNUN អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធបញ្ជូនសារសំឡេង រូបភាព (Video Conference) ។
របៀបវារៈនៃកិច្ចប្រជុំមាន ៖ ១.ការបើកច្រកនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឬបន្តបិទច្រក ២.ពិភាក្សាសុំឲ្យមានការចេញ~ចូលលក់ដូរត្រឹមផ្សាររុងក្លឿ ៣.ពិភាក្សាករណីពលករ(ចេញ~ចូល) និង៤.បញ្ហាផ្សេងៗ ។
ជាលទ្ធផល ឆ្លងកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ អភិបាលខេត្តបន្ទាយមានជ័យ និង អាជ្ញាធរថៃ បានឯកភាពជាគោលការណ៍ ឲ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញអីវ៉ាន់មកវិញ តាមរយៈរថយន្ត ចំនួន ៥០ ឡាន មនុស្សក្នុង១ ឡាន ២នាក់ ដោយមានការបំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល ដោយពុំអនុញ្ញាតឲ្យមានការចូលទៅលក់ដូរនោះទេ ។ ហើយរយៈពេលនៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨ ដល់ម៉ោង ១០ នាទីព្រឹក ឲ្យចូលឲ្យអស់ នៅវេលាម៉ោង១៣ នាទីរៀល ចេញពីទឹកដីថៃវិញ ។
ចំពោះការអនុញ្ញាតឲ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រង់ចាំការជូនដំណឹងពីរាជរដ្ឋាភិបាលថៃ។
ចំណែកករណីបើកឬបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងលឹក គឺរក្សាការបិទដដែល នឹងមិនទាន់មានព័ត៌មានផ្លូវការណាមួយ ត្រូវបើកនាពេលឆាប់ៗនោះទេ ។
រីឯករណីប្រជាពលរដ្ឋខ្មែរ ដែលចេញពីថៃ មកមាតុប្រទេសវិញ គឺមានការសម្របសម្រួល ដោយរក្សា ឯកភាពឲ្យចេញតាមច្រកអូរបីជាន់ដដែល ។
សូមបញ្ជាក់ថាលោកឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានសរសេរលិខិតជម្រាបជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ដីពីការជូនដំណឹងអំពីការធ្វើបាតុកម្មដោយសន្តិវិធី នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលនឹងចាប់ផ្ដើមពីថ្ងៃទី 1 ខែមិថុនាឆ្នាំ 2020 ដល់ថ្ងៃទី 20 មិថុនាឆ្នាំ 2020 ចាប់ពីម៉ោង 6 ព្រឹករហូតដល់ម៉ោង 6 ល្ងាចជារៀងរាល់ថ្ងៃ។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករអ្នកលក់ដូរទំនិញនៅក្នុងផ្សាររុងក្លឿ កម្មករអូសរទេះអ្នករត់ម៉ូតូឌុបអ្នករត់តាក់ស៊ីអ្នករត់ម៉ូតូកង់បី និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ដែលរស់នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានឯកភាពគ្នាជាឯកច្ឆន្ទនិងចូលរួមធ្វើបាតុកម្ម ដោយមានមនុស្សចូលរួមប្រមាណ 1500 នាក់ រទេះមួយរយគ្រឿងនិងឧឃោសនស័ព្ទចំនួន 1 គ្រឿង។
លោកថា អាជីវករលក់ដូរទំនិញនៅផ្សាររុងក្លឿមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបស់របររបស់ខ្លួនដែលមាននៅក្នុងតូបនីមួយៗដែលមានតម្លៃរាប់ម៉ឺនដុល្លារនោះ ខ្លះមានអីវ៉ាន់តម្លៃរហូតដល់រាប់សែនដុល្លារ។ អីវ៉ាន់ទាំងនោះពួកគាត់ទិញមកលក់មិនមែនសម្រាប់យកមកទុកក្នុងរយៈពេលយូរបាននោះទេ ដូច្នេះអីវ៉ាន់ត្រូវខូចគុណភាពហួសកាលបរិច្ឆេទ មិនអាចប្រើប្រាស់ឬហូបចុកបាន។ អីវ៉ាន់ខ្លះទៀតត្រូវបានទឹកលិចពុកផុយកណ្ដុរឬសត្វល្អិតកាត់ខ្ទេចខ្ទីគ្មានសល់។ ទាំងនេះហើយដែលជាមូលហេតុធ្វើឲ្យពួកគាត់ខាតដើមទុនបាត់បង់ទ្រព្យធនយ៉ាងធ្ងន់ធ្ងរអាចធ្លាក់ខ្លួនទៅជាអ្នកជំពាក់បំណុលគេវ័ណ្ណក។
លោកបន្តថា ខាងភាគីថៃមិនព្រមបើកច្រកអន្តរជាតិប៉ោយប៉ែត ប៉ុន្តែមន្ត្រីសមត្ថកិច្ចនិងទាហានថៃនៅតាមច្រករបៀងនានាបានបើកឲ្យប្រជាពលរដ្ឋខ្មែរអាចចូលទៅប្រទេសថៃ បានដោយបង់ប្រាក់ឲ្យពួកមន្ត្រីសមត្ថកិច្ចនិងទាហានថៃទាំងនោះ យ៉ាងច្រើនសន្ធឹកសន្ធាប់បន្ទាប់មកពួកមន្ត្រីសមត្ថកិច្ចនឹងទាហានថៃទាំងនោះ មិនបានធានាសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរឡើយ ម្យ៉ាងទៀតប្រជាពលរដ្ឋខ្មែរទាំងនោះមិនត្រូវបានគេពិនិត្យសុខភាព ឬពិនិត្យកំដៅក្នុងខ្លួនអ្វីទាំងអស់ដូច្នេះការចម្លង និងការឆ្លងជំងឺកូវីដ១៩ អាចមានហានិភ័យខ្ពស់សម្រាប់ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់តាមច្រករបៀងទាំងនោះ។
ការបើកច្រកទ្វារព្រំដែនអន្តរជាតិនានា ជាដំណោះស្រាយល្អបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋថៃពីព្រោះនៅតាមច្រកទ្វារអន្តរជាតិទាំងនោះតែងតែមានម៉ាស៊ីនស្កេនពិនិត្យកំដៅក្នុងខ្លួននោះ ម៉ាស៊ីនបាញ់អាល់កុល ឬថ្នាំសម្លាប់មេរោគនិងជួយកាត់បន្ថយការឆ្លងដែនដោយខុសច្បាប់នៅតាមច្រករបៀងនានា។
ក្នុងពេលកន្លងទៅឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ និងលោកអភិបាលក្រុងប៉ោយប៉ែត ពិតជាបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសយ៉ាងពិតប្រាកដពីព្រោះឯកឧត្តមធ្លាប់បានស្នើឲ្យភាគីថៃបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹកឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានចេញចូលដោយស្របច្បាប់ក្នុងគោលបំណងជួយដល់ការដោះស្រាយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋបានរស់នៅក្នុងជីវភាពដ៏សមរុំផងដែរ។
ពាក់ព័ន្ធសំណើសុំខាងលើរដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតទេពីព្រោះបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងមានវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេសដែលជំងឺនេះ បាននិងកំពុងរីករាលដាលឥតឈប់ឈរស្ទើរគ្រប់ប្រទេសនៅលើពិភពលោក។
អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា កន្លងមករដ្ឋបាលខេត្តធ្លាប់បានអន្តរាគមន៍ទៅរដ្ឋបាលខេត្តស្រះកែវ នៃប្រទេសថៃដើម្បីសុំឲ្យជួយសម្រួលមិនយកកម្រៃឈ្នួលពីបងប្អូនអាជីវករ ក្នុងសុំសម្រួលឱ្យបងប្អូនអាជីវករកម្ពុជាទាំងអស់នៅក្នុងផ្សាររុងក្លឿ បានចេញចូលទៅមើលតូបរបស់ខ្លួនក្នុងមួយលើក 20 នាក់រហូតដល់ស្ថានភាពវិលមកជាប្រក្រតីវិញ ក្នុងនោះភាគីថៃបានឆ្លើយតបថានឹងជួយសម្រួលមិនយកកម្រៃឈ្នួលពីបងប្អូនអាជីវករកម្ពុជា ប៉ុន្តែចំពោះសំណើរសុំសម្រួលឱ្យបងប្អូនអាជីវករកម្ពុជាទាំងអស់ ក្នុងផ្សាររុងក្លឿចេញចូលទៅមើលទៅព្របស់ខ្លួនក្នុងមួយលើក 20 នាក់ភាគីថៃ មិនឯកភាពនោះទេ។ ម្យ៉ាងទៀតរដ្ឋបាលខេត្តស្នើឲ្យលោកឌិន ពុទ្ធីប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានា ជាធរមាននិងលក្ខន្តិកៈរបស់ខ្លួន ដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ៕
ដោយ៖កូឡាប