ខេត្តស្វាយរៀង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បន្តផ្សព្វផ្សាយពីជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋនៅស្រុកចន្ទ្រាថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ ដឹកនាំដោយ លោក សរ វណ្ណា នាយកសាខា សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា និងអ្នកស្ម័គ្រចិត្តភូមិ ឃុំ បានបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្រៀនពីរបៀបលាងសម្អាតដៃ ឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល ដោយប្រដាប់បំពងសំឡេងតាមម៉ូតូ ចែកសាប៊ូ ម៉ាស ព្រមទាំងបិទខិត្តប័ណ្ណផ្សព្វផ្សាយ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ តាមខ្នងផ្ទះ ចែកប័ណ្ណប្រកាសពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងផ្សព្វផ្សាយបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ពីសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋចំនួន ២១០ នាក់ ស្រី ១៨៧ នាក់ស្មើនឹង ៤៧ ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិបុស្ស និងភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្ទ្រា ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) ។
នាឱកាសនោះលោក សរ វណ្ណា បានជម្រាបជូនពីស្ថានការណ៍វិវឌ្ឍន៍ថ្មី នៃជំងឺកូវីដ ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងវិធានការទប់ស្កាត់ការរីករាលដាល ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង ។
លោកនាយកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖
លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ។ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូ។ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។ ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារការពារខ្លួន៕
ដោយ៖វ៉ៃកូ