ខេត្តស្វាយរៀង៖ សង្ស័យការដេញថ្លៃគម្រោងកែរលម្អផ្លូវដីក្រាលបេតុងអាម៉េមួយខ្សែ ប្រវែង២០៥ម៉ែត្រខុសប្រក្រតី ដោយបែកធ្លាយរឿងចែកទឹកតែគ្នា ដោយក្រុមហ៊ុនចូលទៅដាក់ដេញថ្លៃមាន៨ក្រុមហ៊ុន ក៏ប៉ុន្តែក្រោយពីដេញថ្លៃក្រៅផ្លូវការនៅខាងក្រៅ ក្រុមហ៊ុនចំនួន៥យល់ព្រម មិនដាក់សំណើដេញថ្លៃទេ ហើយមានតែ៣ក្រុមហ៊ុនប៉ុណ្ណោះចូលដាក់សំណើដេញថ្លៃ ដោយបែកធ្លាយរឿងបែងចែកទឹកតែគ្នា ប្តូរមិនដាក់សំណើដេញថ្លៃ។
ការដាក់ដេញថ្លៃកែលម្អផ្លូវដីក្រាលបេតុងអាម៉េ ប្រវែង២០៥ម៉ែត្រនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅសាលាសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាមក្រុមប្រឹក្សាសង្កាត់ស្វាយតឿ បានឲ្យដឹងថា សង្កាត់ស្វាយតឿ មានគម្រោងដេញថ្លៃកែលម្អផ្លូវដីក្រាលបេតុងអាម៉េ ប្រវែង២០៥ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់បេតុង០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ៨០.៤២៨.៩០០រៀល។ មានក្រុមហ៊ុនមកចុះឈ្មោះចូលរួមដាក់ដេញថ្លៃចំនួន៨ក្រុមហ៊ុន ជាក់ស្តែងពេលដំណើរការដាក់ដេញថ្លៃ គឺមានតែ៣ក្រុមហ៊ុនប៉ុណ្ណោះ ដែលចូលដាក់សំណើដេញថ្លៃនៅសង្កាត់ស្វាយតឿ។
អ្នកចូលដេញថ្លៃ ទី១)ឈ្មោះលុយ ផានិត តំណាងក្រុមហ៊ុនសុគន្ធសម្បត្តិ ដាក់ដេញថ្លៃ ៨០.១៥៥.០០០រៀល (ថ្លៃទាបអាចទទួលយកបាន)។ ទី២) ឈ្មោះសាន មុនីឧត្តម ក្រុមហ៊ុនសាន មុនី ដាក់ដេញថ្លៃ ៨០.៣៦០.០០០រៀល (ថ្លៃខ្ពស់មិនអាចទទួលយកបាន)។ ទី៣)ឈ្មោះអ៊ុន វីរៈ តំណាងក្រុមហ៊ុនថេង វណ្ណៈថេ ៦៦៦ ដាក់ដេញថ្លៃ ៨០.២៥៧.៥០០រៀល (ថ្លៃខ្ពស់មិនអាចទទួលយកបាន)។ ដូច្នេះក្រុមហ៊ុនដែលដេញថ្លៃបាន គឺក្រុមហ៊ុនសុគន្ធសម្បត្តិដែលដាក់តម្លៃទាប ៨០.១៥៥.០០០រៀល។
ក៏ប៉ុន្តែបើតាមអ្នកសង្កេតការ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា សង្ស័យការដេញថ្លៃនេះខុសប្រក្រតី ដោយឃើញមានបែងចែកប្រាក់ថ្លៃទឹកតែគ្នា ជាមួយក្រុមហ៊ុន ដែលមិនទទួលបានគម្រោងក្នុង១ក្រុមហ៊ុន២លានរៀល ដោយបែងចែកលុយគ្នា នៅខាងមុខសាលាសង្កាត់តែម្តង។ ហើយនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានដាក់ដេញថ្លៃចំនួន២គម្រោង ត្រូវឆាចោល១គម្រោង។
គម្រោង ទី១ សាងសង់លូមូលដោះទឹក ប្រវែង១៦០ម៉ែត្រ មុខកាត់០,៦០ម៉ែត្រ តម្លៃប៉ាន់ស្មាន ៤៤.០៣៣.០០០រៀល។ មានក្រុមហ៊ុនដាក់ដេញថ្លៃ ចំនួន៣ក្រុមហ៊ុន ទី១ ) អ្នកដេញថ្លៃ ឈ្មោះជារត្ន័ តំណាងក្រុមហ៊ុនហួតហាក់ ដាក់សំណើដេញថ្លៃជាង៣៣លាន ក៏ប៉ុន្តែអ្នកផ្ទេសិទ្ធិដេញថ្លៃគ្មានឈ្មោះក្នុងប័ណ្ណក្រុមហ៊ុន។ ទី២)ឈ្មោះចាន់ឌីណា ក្រុមហ៊ុនចាន់ឌីណា ដាក់ដេញថ្លៃ ជាង៤៤លានរៀល។ ទី៣)ឈ្មោះហាក់ដាលីន តំណាងក្រុមហ៊ុនហាក់ លក្ខិណា ដាក់ដេញថ្លៃ ជាង៤៤លាន ។ ក៏ប៉ុន្តែក្រោយពីការពិនិត្យមើលឈ្មោះអ្នកផ្ទេសិទ្ធិដេញថ្លៃ (ជារ័ត្ន) គ្មានឈ្មោះនៅក្នុងប័ណ្ណក្រុមហ៊ុនហួត ហាក់
គណៈកម្មការលទ្ធកម្មឆាចោល លើកពេលដេញថ្លៃនៅពេលក្រោយ។
ទី២)គម្រោងជួសជុលផ្លូវដីក្រាលបេតុងអាមេ ប្រវែង២៩០ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រតម្លៃប៉ាន់ស្មាន១៥១.០៦៦.៦០០រៀល។ ក្រុមហ៊ុនចូលរួមដាក់សំណើរដេញថ្លៃចំនួន៤ក្រុមហ៊ុន ៖ ១,អ្នកដេញថ្លៃឈ្មោះសារិន ណៃ តំណាងក្រុមហ៊ុនសុគន្ធសម្បត្តិ៥៥៥ ដាក់ដេញថ្លៃ១១៨.៩០០.០០០រៀល។ ២,ឈ្មោះយោគ សានិន តំណាងក្រុមហ៊ុន សុភីសម្បត្តិពាណិជ្ជ ដាក់ដេញថ្លៃ ១៤០.០០០.៤០០រៀល។ ៣,ឈ្មោះហាក់ ដាលីន តំណាងក្រុមហ៊ុនហាក់ លក្ខិណា ដាក់ដេញថ្លៃ ១៣០.៥០០.០០០រៀល។ ៤,ឈ្មោះសូ ចាន់ដារា ក្រុមហ៊ុនសូចាន់ដារា ដាក់ដេញថ្លៃ៩៨.៦០០.០០០រៀល (តម្លៃទាបទី១អាចទទួលយកបាន) ក៏ប៉ុន្តែអ្នកចូលរួមដេញថ្លៃនិយាយថា បែកគម្រោងដោយមានក្រុមហ៊ុនមកបម្រុងដាក់សំណើដេញថ្លៃមានជាង១០ក្រុមហ៊ុន ក៏ប៉ុន្តែមានអ្នកសម្របសម្រួល ដេញថ្លៃខាងក្រៅប្រាប់ថា មិនបាច់ដាក់សំណើដេញថ្លៃទេ ចាំឲ្យទឹកតែមួយក្រុមហ៊ុន២០០ដុល្លារទៅ៤០០ដុល្លារ លទ្ធផលគឺបានខកចិត្តហួសម៉ោងកំណត់ ដាក់ដេញថ្លៃ បិទដាក់សំណើត្រឹមម៉ោង៨និង១០នាទីព្រឹក ត្រូវម្ចាស់គម្រោងបិទឈប់ទទួល។ ចំណែកសង្កាត់គយត្របែក មាន១គម្រោងដែរ គម្រោងសាងសង់លូមូលដោះទឹកប្រវែង៥០៦ម៉ែត្រមុខកាត់០,៦០ម៉ែត្រ តម្លៃប៉ាន់ស្មាន១១០.៨៩១.៩០០រៀល ។
ហើយបើតាមអ្នកចូលរួមដេញថ្លៃបង្ហើបឲ្យដឹងថា ការដេញថ្លៃប្រកាប់ប្រចាក់ ដោយក្រុមហ៊ុនដាក់ដេញថ្លៃ បានគឺត្រឹមតែជាង៧៥លានរៀលប៉ុណ្ណោះ គឺដេញថ្លៃទាបរហូតដល់៥០ភាគរយ ដែលអ្នកជំនាញនិយាយថា ការដេញថ្លៃទាបដល់៥០%ពិបាកថ្លែងណាស់ សូមចាំពិនិត្យមើលគុណភាពពេលសាងសង់រួចចុះទាន៕
ដោយ៖វ៉ៃកូ