ស្ទឹងត្រែង ៖ មន្ត្រីជលផលខេត្តមន្ត្រីនគរបាលសហគមន៍ អាជ្ញាធរឃុំ ប្រជាពលរដ្ឋ ចូលរួមដុតឧបករណ៍បំផ្លាញធនធានជលផល នៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2020។
លោកវង្ស សាវឿន នាយរងខណ្ឌជលផលខេត្ត បានលើកឡើងថា ឧបករណ៍ឆក់ប្រភេទក្តៅ និងត្រជាក់ គឺជាប្រភពបំផ្លាញធនធានត្រីដ៏សំខាន់ នៅក្នុងទន្លេភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ក្រៅពីនោះ ក៏មានកាំភ្លើងដែលជាឧបករណ៍ សម្រាប់បាញ់ត្រីក្នុងទឹក ក៏ត្រូវបានរឹបអូសមួយចំនួន។ មានការដុតបំផ្លាញចោល នៅចំពោះមុខប្រជាពលរដ្ឋ។
លោកនាយរងខណ្ឌជលផល បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានចូលរួមអភិរក្សធនធានជលផល ដើម្បីការពារទាំងអស់គ្នា ជាពិសេសកុំប្រព្រឹត្តបទល្មើស ដែលត្រូវច្បាប់ហាមឃាត់ និងមានទោសទន់ ត្រូវគេចាប់ដាក់ពន្ធនាគារ បែកបាក់ក្រុមគ្រួសារ។
នៅក្នុងការជួបជុំនោះ ភាគច្រើនជាស្ត្រី ដែលជាអ្នកចូលរួមចំណែកផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋផ្សេងទៀត នៅក្នុងសហគមន៍ បានចូលរួមបញ្ចេញមតិយោបល់យល់ដឹងពីច្បាប់ ហាមឃាត់នៅរដូវបិទនេសាទ និងការប្រើប្រាស់ឧបករណ៍ខុសច្បាប់។
ស្ត្រីវ័យចំណាស់ ដែលបានចូលរួមបានលើកឡើងថា ឧបករណ៍ដែលមន្ត្រីជំនាញដាក់លើតុគាត់ ពុំដែលស្គាល់ឡើយ។ ឥឡូវនេះ គាត់បានដឹងថា ឧបករណ៍នោះ គឺជាប្រភពបំផ្លាញធនធានជលផល នៅមូលដ្ឋានរបស់គាត់។ ក្រោយពីបានចូលរួមអ្នកស្រី នឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មិនត្រូវប្រព្រឹត្តបទល្មើសនេសាទ ដែលជលផលហាមឃាត់ ហើយសន្យាថានឹងសហការជាមួយសហគមន៍ បង្ហាញមុខជនល្មើសអ្នកប្រព្រឹត្តមុខសញ្ញា ដល់សមត្ថកិច្ចនិងមន្ត្រីជលផល។
តាមការលើកឡើង របស់មន្ត្រីជលផល បានឲ្យដឹងថា នៅឆ្នាំនេះប្រជាពលរដ្ឋនៅតាមមូលដ្ឋានយល់ដឹង កាន់តែច្រើន ហើយបានចូលរួមកាត់បន្ថយបទល្មើសនេសាទដោយខ្លួនឯង ហើយជនល្មើស ដែលមិនខ្លាចសហគមន៍ ខ្លាចមន្ត្រីជំនាញ ឬសមត្ថកិច្ច ត្រូវបានឃាត់ខ្លួនដកហូតភស្តុតាងបញ្ជូនសំណុំរឿងទៅតុលាការ។
សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងឆ្នាំ 2020នេះ ការបង្កើតសមាគមបានកើនឡើងរហូតដល់ 56 សហគមន៍នេសាទ។ សម្រាប់ខេត្តស្ទឹងត្រែង រដូវបិទនេសាទគិតចាប់ពីថ្ងៃទី 1 ខែឧសភា ដល់ថ្ងៃទី 30 ខែកញ្ញា៕
ដោយ ៖ សុខុម