ក្រចេះ៖ មុខរបរដាំផ្សិតអំបោះ គ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់លើទីផ្សារសំរាប់លក់ និងដើម្បីរកចំណូលបន្ថែម បានកែប្រែជីវភាពរបស់ប្រជាពលរដ្ឋ គ្រួសារក្រីក្រមួយ ដែលរស់នៅពីរនាក់ប្តីប្រពន្ធ ក្នុងភូមិអូរពី សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ អោយកាន់តែប្រសើរឡើង។
លោក ស្រ៊ុន ម៉េង និងប្រពន្ធ សុខនាថ បានឲ្យដឹងថា គាត់បានប្រកបរបរនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ ហើយឃើញថាមានតម្រូវការច្រើនពីអ្នកនៅខេត្តក្រចេះ។ ពួកគេទាំងពីរនាក់ប្តីប្រពន្ធ បានដាំំផ្សតិអំបោះគ្មានជាតិគីមីនេះពីរប្រភេទ គឺប្រភេទ ពូជស្រាល១ ខែគត់ដុះ និងពូជធ្ងន់ ១ខែ ១២ថ្ងៃ។ ក្នុង ១ថ្ងៃ ផ្សិតដុះបាន ពី២០ ទៅ៤០គីទ្បូ អាស្រ័យទៅតាមខែក្តៅ និងខែត្រជាក់។ ខែត្រជាក់ ដុះបានច្រើន។ ខែក្តៅអត់សូវដុះទេ។ ខែក្តៅវាងាប់ វាអត់សូវចេញ។ ខែក្តៅបាន១០គីទ្បូ។
លោកបានបន្ថែមថា ពេលដែលមានការផ្គត់ផ្គង់ច្រើននៅលើទីផ្សារ តម្លៃផ្សិតលក់បាន៥ពាន់រៀល តែជាទូទៅលោកលក់បាន៧ពាន់រៀលក្នុងមួយគីទ្បូក្រាម។ ការដាំផ្សិតមានផលវិបាកមួយចំនួនដែលតម្រូវឲ្យដូរទីតាំងនៃការដាំ។
លោកថា «មុខរបរនេះពិបាកដែរ ព្រោះពេលធ្វើបើវាកើតមេរោគយើងត្រូវប្តូរទីតាំង។ អ៊ីចឹងបានខ្ញុំជួលគេខាងនោះមួយទៀត។ យើងដូរទីតាំងហាលកន្លែងចោលពីពីរទៅបីខែ ទើបយើងមកកន្លែងវិញ»។
គួរបញ្ជាក់ថា បើតាមម្ចាស់ដាំផ្សិតអំបោះនេះ បានឱ្យដឹងថា « ផ្សិតនេះលោក អត់មានដាក់ថ្នាំគីមីអីទេ អត់បាញ់ថ្នាំដូចផ្ទីទេ គ្រាន់តែបាចកំបោរសម្លាប់មេរោគក្នុងដីប៉ុណ្ណោះ។» ការដាំផ្សិតអំបោះនេះ លោកបានធ្វើ ៥រោង ក្នុងមួយរោងត្រូវចំណាយថវិកាអស់ ៣លានរៀល និងត្រូវការពេលទទួលផល ពី១ខែ ទៅ២ខែ បន្ទាប់ពីការដាំហើយ៕
ដោយ៖CEN