ភ្នំពេញ៖ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំធ្វើឡើង នៅថ្ងៃ ២៦ ខែមិថុនា ជារៀងរាល់ឆ្នាំ ឆ្នាំនេះ ពិធីរៀបចំធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតី ភាពដ៏ខ្ពងខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
អញ្ជើញជាគណៈអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត ។ ព្រមទាំងសមាជិក សមាជីការ អញ្ជើញចូលរួមមកពីក្រសូង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាច្រើនរូបទៀត។
ក្នុងពិធីនេះ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជើញ ថ្លែងសុន្ទរកថា និងមានមតិសំណេះសំណាលទៅកាន់អង្គពិធី ដោយមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ <<ការយល់ដឹងច្បាស់លាស់ នាំឲ្យមានការថែទាំមានប្រសិទ្ធភាព >> នៅថ្ងៃនេះ គឺដើម្បីឆ្លើយតបនឹងស្មារតីនៃមហាសន្និបាតអង្គការ សហប្រជាជាតិ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ នៃឆ្នាំ២០២០ បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៤ ៥១០ករណី កើនលើសឆ្នាំ២០១៩ ចំនួន២៦,០៥% ស្មើនឹង១ ១៧៥ករណី (ឆ្នាំ២០១៩ ចំនួន ៣ ៣៣៥ករណី), ឃាត់ខ្លួនជនសង្ស័យសរុប៨ ៩២៧នាក់ (ស្រី ៥៦១នាក់) កើនចំនួន ១ ៨០៣នាក់ សើ្មនឹង២១,៨០% (៥ខែឆ្នាំ២០១៩ចំនួន៧ ១២៤នាក់), ចាប់គ្រឿងញៀនបានចំនួនជាង ២០៩គីឡូក្រាម ថយចុះជាង៣២,៥៨% ស្មើនឹងជាង ១០១ គីឡូក្រាម (៥ខែឆ្នាំ២០១៩ ចំនួនជាង ៣១០គីឡូក្រាម) (អាចដោយសារបញ្ហាកូវីដ-១៩ ការចរាចរគ្រឿងញៀន ឆ្លងដែនមានការពិបាក) សម្ភារចាប់យកមានរថយន្ត ចំនួន៥០គ្រឿង, ម៉ូតូ១,១៨៣គ្រឿង, ទូរស័ព្ទដៃ៣,៤៤៩៩គ្រឿង, ប្រាក់រៀលចំនួនជាង៨៥លានរៀល, ប្រាក់ដុល្លារអាមេរិក ៥៣ ៤៦៩ដុល្លារ និងសម្ភារមួយចំនួនទៀត។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា ទោះបីកម្ពុជាមានបញ្ហាវិបត្តិជំងឺកូវីដ-១៩ក្តី ក្នុងរយៈពេល៥ខែនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីពាក់ព័ន្ធបានធ្វើការផ្សព្វផ្សាយ អប់រំ គ្របដណ្តប់អ្នកបានទទួលសារចំនួនជាង២លាន១សែននាក់។ បន្ថែមពីនេះ ការងារព្យាបាល ស្តារនីតិសម្បទា នៅក្នុងរយៈពេលដើម៥ខែនេះ យើងបានធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀនចូល-ចេញពីមណ្ឌលរបស់រដ្ឋ និងឯកជនសរុបចំនួន ២ ៥៣៣នាក់, អ្នកកំពុងស្នាក់នៅបន្តព្យាបាលក្នុងមណ្ឌលមានចំនួន ៣ ៩៦៨នាក់ និងអ្នកដែលកំពុងទទួលយកសេវាព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល ក្នុងរាជធានីភ្នំពេញមានចំនួន១ ៨៤៦នាក់។
ឧបនាយករដ្ឋមន្ត្រីបានបន្តថា បើទោះបីស្ថានភាពជំងឺកូវីដ-១៩ បាន និងកំពុងនៅបន្តរាលត្បាត នោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតែបន្តពង្រឹងនូវការអនុវត្តនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗរបស់ខ្លួនឱ្យកាន់ តែសកម្ម និងផុលផុសថែមទៀត ពិសេសគឺការអនុវត្តនូវផែនការជាតិ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន (២០១៨-២០២៣), ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៥ ឆ្នាំ២០២០ ការបន្តដំណើរការលុបបំបាត់ ឱ្យបានទាំងស្រុងនូវការចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតាមទីកន្លែងកម្សាន្តសប្បាយ ការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឱ្យជំងឺកូវីដ-១៩ ឆ្លងរាលត្បាតចូលទៅក្នុងមជ្ឈមណ្ឌលព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងពន្ធនាគារ, ការចូលរួមកសាងភូមិ ឃុំ សង្កាត់ «ស» គ្មានគ្រឿងញៀននៅតាមព្រំដែន, ការបន្តចូលរួមសហការជាមួយប្រទេសជាប់ព្រំដែន ប្រទេសក្នុងតំបន់ អង្គការជាតិ អន្តរជាតិ ជាដៃគូក្នុងគោលបំណងប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព ស្របទៅតាមបរិបទនៃការឆ្លងរាលត្បាត ជាសកលនៃជំងឺកូវីដ-១៩។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា សម្រាប់ប្រធានបទនៅថ្ងៃនេះ «ការយល់ដឹងច្បាស់លាស់ នាំឱ្យការថែទាំមានប្រសិទ្ធភាព» (Better knowledge for better care) ក្នុងគោលបំណងបំផុសដាស់តឿន ក្រើនរំលឹកឱ្យជនគ្រប់រូបយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បាននឹងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីដ-១៩ផងដែរ។ កន្លងមក និងបច្ចុប្បន្នបាននាំគ្នាចូលរួម ជាចលនាជាតិគាំទ្រក្នុងគ្រប់សកម្មភាព នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាលពិសេស គឺការលើកកម្ពស់ផ្នែកសុខភាព ក្នុងដំណើរការព្យាបាល ស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ដែលប្រកបដោយការយល់ដឹងផ្នែក បច្ចេកទេសវេជ្ជសាស្ដ្រច្បាស់លាស់ និងមាន ការថែទាំដោយប្រសិទ្ធភាព។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ជាស្មារតីបានកំណត់ឡើង ដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៨៧ ក៏ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗ ដើម្បីបន្តពញ្ញាក់ស្មារតី និងដាស់តឿនក្រើនរំលឹកដល់ជនគ្រប់រូប ឱ្យយកចិត្តទុកដាក់ជាប្រចាំ និងចូលរួមឱ្យកាន់តែសកម្មថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។
បន្ទាប់ពីបញ្ចប់សុន្ទរកថា និងការមានមតិសំណេះសំណាល ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញ ដុតបំផ្លាញគ្រឿងញៀន សរុបរួម ៤៧៧,៦៧៧.៨៥ ក្រាម រួមមាន៖ ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម កញ្ឆា និងសារធាតុគីមីផ្សំ ៕
ដោយ : កូឡាប