ភ្នំពេញ៖ ពាក់ព័ន្ធនឹងការស្នើរបស់ទីម័រឡេស្តេចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា និងទន្ទឹងរង់ចាំការដាក់បញ្ចូលទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
សម្តេចបានថ្លែងថា ខ្ញុំមានសុទិដ្ឋិនិយមថា សមាជិករបស់ទីម័រឡេស្តេ មិនត្រឹមតែមានសារសំខាន់ជាយុទ្ធសាស្ត្រសម្រាប់យើង ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការសម្រេចក្តិសុបិន្តរបស់បិតាស្ថាបនិកអាស៊ាន ក្នុងការបង្រួបបង្រួមប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមឆត្រអាស៊ានផងដែរ។ ក្នុងស្មារតីនេះ យើងគួរបន្តធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាលទីម័រឡេស្តេ ដើម្បីដោះស្រាយរាល់បញ្ហាធំៗ ដែលប្រទេសនេះកំពុងជួបប្រទះ សំដៅជួយបំពេញរាល់នីតិវិធី និងលក្ខខណ្ឌតម្រូវចាំបាច់នានា ឲ្យបានឆាប់។
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតល្មួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំងអស់ និងអរគុណចំពោះ ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម ដែលបានសម្របសម្រួល និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ៣៦ នេះឡើងប្រកបដោយជោគជ័យតាមវីដេអូខល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការណ៍នេះ ឆ្លុះបញ្ចាំងអំពីភាពដឹកនាំអាស៊ានប្រកបដោយសមត្ថភាពរបស់វៀតណាម ទោះបីជាយើងប្រឈមនឹងបញ្ហាដែលកើតឡើងដោយសារការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
ចាប់តាំងពីត្រូវបានបង្កើតឡើង ក្នុងរយៈពេល៥៣ឆ្នាំកន្លងមក , នេះគឺជាលើកទី១ហើយដែលអាស៊ានបានរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំដែលមិនធ្លាប់មាននេះ បានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកំពូល ក៏ដូចជាភាពធន់នឹងវិបត្តិ និងការសម្របខ្លួនរបស់អាស៊ាន ទៅនឹងសភាពការណ៍ថ្មី។ ទន្ទឹមនេះ យើងកំពុងខិតខំប្រឹងប្រែងជំរុញការកសាងសហគមន៍អាស៊ាន និងពង្រឹងសាមគ្គីភាព ក្រោមក្របខ័ណ្ឌពហុភាគី ខណៈដែលវិបត្តិសកលនេះបាននិងកំពុងបង្កផលប៉ះពាល់អវិជ្ជមានដល់យើងទាំងអស់គ្នា។
កម្ពុជាផ្តោតសារសំខាន់យ៉ាងខ្លាំង និងយកចិត្តទុកដាក់ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅសមុទ្រចិនខាងត្បូង។ ការវិវឌ្ឍថ្មីៗ នៅសមុទ្រចិនខាងត្បូងបានបង្ហាញពីសារសំខាន់នៃការបញ្ចប់កិច្ចចរចា COC ឲ្យបានឆាប់ ដើម្បីធានាសុខសន្តិភាពនៅសមុទ្ធចិនខាងត្បូង ។ ក្នុងន័យនេះ ភាគីពាក់ព័ន្ធផ្ទាល់គួរផ្តល់សារសំខាន់លើភាពអត់ធ្មត់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២។
សូមភ្ជាប់មកជាមួយនូវសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញឡើងថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅវិមានសន្តិភាពកាលពីព្រឹកមិញនេះ៕
ដោយ៖កូឡាប