ខេត្តស្ទឹងត្រែង ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួន និងជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា យ៉ាងហោចណាស់មានមុស្សស្លាប់៤នាក់ជារៀងរាល់ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយចំនួននេះដោយមិនបានរាប់បញ្ចូលនាក់រងរបួសធ្ងន់ និងស្រាលបន្ថែមនោះទេ។
លោកស្រីថ្លែងបែបនេះ កាលពីថ្ងៃ២៦ ខែមិថុនា ក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានការចូលរួមស្តាប់ពីប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងចំនួន១៥០នាក់ផងដែរ។
លោកស្រីបានសង្កត់ធ្ងន់ថា ករណីគ្រោះថ្នាក់ចរាចណ៍ខាងលើ នៅតែមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់ដដែល បើទោះជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មីកំពុងតែត្រូវបានដាក់ឲ្យអនុវត្តក្តី។
លោកស្រីថា បើតាមរបាយរបស់ចរាចរណ៍ផ្លូវគោកសម្រាប់ពាក់កណ្តាលឆ្នាំ២០២០ គិតជាមធ្យមមានមនុស្សស្លាប់៤នាក់ ដែលអាចនិយាយបានថាវាសាហាវជាងជំងឺ កូវីដ១៩ទៅទៀត។
ដោយឡែកនៅខេត្តស្ទឹងត្រែងវិញ បើតាមរបាយការណ៍បានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅពាក់កណ្តាលឆ្នាំ២០២០ បណ្តាលឲ្យមានមនុស្សស្លាប់២១នាក់ រងរបួសធ្ងន់២៨នាក់ រងរបួសស្រាល១០នាក់ ម៉ូតូខូចខាត៣៧គ្រឿង និងខូចរថយន្តតូចធំចំនួន១៧គ្រឿងផងដែរ។ បើប្រៀបធៀបទៅឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះតែ២២%ប៉ុណ្ណោះ។
ក្នុងឱកាសនោះលោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានបន្ថែមថា តាមការសង្កេតឃើញ ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្ទឹងត្រែង កើតឡើងដោយកត្តា៣យ៉ាង គឺកត្តាមនុស្ស កត្តាយានយន្ត និងកត្តាធម្មជាតិ។
លោកអភិបាលរងខេត្តក៏បានស្នើឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីកាត់បន្ថយការស្លាប់ និងកាត់បន្ថយពិការភាព ដែលជាហេតុធ្វើឲ្យបែកបាក់ក្រុមគ្រួសារ កុមារកំព្រា ជាដើម ហើយនៅថ្ងៃនោះ ក៏មានការចែកមួកសុវត្ថិភាព ជួនប្រជាពលរដ្ឋដែលបានមកចូលរួមស្តាប់ក្នុងវេទិកានេះ ៕ ដោយ៖សុខុម