កណ្ដាល៖ព័ត៌មានលម្អិត ក្នុងករណីគ្រោះថ្នាក់រវាងរថយន្តដឹកកម្មករ.កម្មការិនី និងរថយន្តបែនដឹកដីបើកបុកគ្នាចំពេញទំហឹង នៅផ្លូវជាតិលេខ១ នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីព្រលប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដោយគិតមកដល់ថ្ងៃទី២៦ ខែឆ្នាំដដែលនេះ ចំនួនអ្នកស្លាប់កើនឡើងដល់៣នាក់ និងអ្នករងរបួសធ្ងន់ស្រាលមានចំនួន៤៧នាក់ ហើយអ្នករបួសភាគច្រើនជាកូនចៅអ្នកខេត្តព្រៃវែង ដែលមកបម្រើការងារនៅរោងចក្រ នៅឃុំសំរោងធំ ស្រុកកៀនស្វាយ។ នេះបើយោងតាមការបញ្ជាក់ពីសំណាក់លោកព្រុំ សំអុល ប្រធានផ្នែកចរាចរណ៍ប៉ូលិសស្រុកកៀនស្វាយ និយាយប្រាប់កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនានេះ។
លោកប្រធានផ្នែកចរាចរណ៍ប៉ូលិសស្រុកកៀនស្វាយ បានឲ្យដឹងថា ចំពោះអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះ បើគិតមកដល់ថ្ងៃនេះ ទី២៦ខែមិថុនា មានចំនួនកើនដល់៣នាក់ហើយ ក្នុងនោះបុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងក្នុងថ្លុកឈាម នៅកន្លែងកើតហេតុ និងកម្មការិនី២នាក់ទៀតស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ចំពោះអ្នកស្លាប់ទាំង៣នាក់នោះ រួមមាន៖ទី១ ឈ្មោះម៉ម ប៉ិចសារក្ស ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរតៃកុងឡាន ស្នាក់នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ស្លាប់នៅកន្លែងកើតហេតុ។
ទី២ ឈ្មោះលន់ ចន្ថា ភេទស្រី អាយុ២៤ឆ្នាំមុខរបរកម្មការិនី ស្នាក់នៅឃុំជៃកំពត ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងទី៣ ឈ្មោះយ៉ែម វណ្ណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មការិនី រស់នៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កម្មការិនី២នាក់នេះ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវារថយន្តបែនដឹកដី និងរថយន្តដឹកកម្មករ.កម្មការិនី នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៨ និង៤៩ ចំណុចភូមិពោធិមៀវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងកម្មករ.កម្មការិនីរងរបួសធ្ងន់ស្រាល ប្រមាណ៤៧នាក់ ហើយបច្ចុប្បន្នកំពុងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ដោយ៖បញ្ញាស័ក្តិ