Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​បង្គោល​សីមា​នៅ “​ព្រះ​ព័ន្ធ​” សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧

​ក្នុង​វប្បធម៌​ខ្មែរ​បុរាណ ជំនឿ​សាសនា ប្រពៃណី​ទំនៀមទម្លាប់​បែប​ព្រាហ្មណ៍ និង​ពុទ្ធ​និយម ត្រូវ​ផ្សាភ្ជាប់​គ្នា​យ៉ាង​ស្អិតរ​មួ​ត មិន​អាច​ស្រាយ​ឲ្យដាច់​ពីគ្នា​បាន​ជាដាច់ខាត​។ ការផ្សាភ្ជាប់​គ្នា​រវាង​លទ្ធិ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា ឬក៏​រវាង​មនុស្ស និង​ជំនឿ​ក្រោមរូបភាព​គ្រប់​ប្រភេទ រួម​ទាំង​ជំនឿ​បែប​ជី​វច​ល​និយម គឺជា​រឿង​ធម្មតា​ក្នុង​ប្រព័ន្ធ​គំនិត​ខ្មែរ​។​

ជាក់ស្តែង កាលពី​ឆ្នាំ ២០០១ អាជ្ញាធរ​ខ្មែរ និង​ក្រុម​អ្នកស្រាវជ្រាវ​ជប៉ុន​នៃ​មហាវិទ្យាល័យ​សូ​ភី​យ៉ា បាន​រកឃើញ​បន្ទាប់ពី​អភិ​រក្សដ្ឋាន​អង្គរ​ទៅ​ប្រាសាទបន្ទាយក្តី​នូវ​ចម្លាក់​បុរាណ​ចំនួន ២៧៤​ដុំ ដែល​ក្នុងនោះ​មាន​បង្គោល​មួយ ដែល​អ្នកស្រុក​ហៅថា “​ព្រះ​ពាន់​” គួរឲ្យ​ចាប់អារម្មណ៍ដ៏​ក្រៃលែង​។​

ពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​កំណាយ ដើម្បី​យក​បុរាណវត្ថុ​ចេញពី​កំណប់ សូម​រំឭកថា ចម្លាក់ ឬ​បំណែក​នៃ​ព្រះពុទ្ធ​បដិមា​បុរាណ​ទាំងនោះ ត្រូវបាន​កប់​ក្នុង​បរិវេណ​នៃ​ប្រាសាទ​បន្ទាយក្តី ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន​។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​រន្ធត់​នេះ​ត្រូវ​បាន​កើតឡើង​ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៨ ដែល​មាន​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ជំនឿ​សាសនា ពី​លទ្ធិ​ព្រះពុទ្ធសាសនា មហាយាន​ទៅជា​ព្រហ្មញ្ញសាសនា​វិញ​។ គឺ​ដោយសារ​មូលហេតុ​ដូច្នេះ​ឯង ទើប​ព្រះ​ពុទ្ធរូប​ទាំងនោះ ជាទី​គោរព​សក្កា​រៈនា​សម័យបាយ័ន ត្រូវ​គេ​វាយ​បំបែក ហើយ​យក​ទៅ​កប់​ក្នុង​រណ្តៅ​មួយ​យ៉ាង​ជ្រៅ​។​

យើង​គួរ​កត់សម្គាល់ថា បង្គោល​ព្រះ​ពាន់​ខាងលើនេះ មាន​កំពស់ ១​ម៉ែត្រ និង​ទទឹង ០​ម៉ែត្រ ៥០ ហើយ​ចំនួន​ព្រះពុទ្ធ​អង្គ​ដែល​ស្ថិត​ក្នុង​កាយវិកា​សម្មាធិ មាន​ទៅ​ដល់ ១០០៨​អង្គ ពោល​គឺ ព្រះ​ដែល​ឆ្លាក់​មាន ២១​ជួរ ទាំង​បួន​ជ្រុង ហើយ​ក្នុង​ជួរៗ​មួយ​មាន​ព្រះ​ចំនួន ២១​អង្គ​។​

រូបភាព ១-៣ : ព្រះ​ព័ន្ធ​នៅ​ហ្លួង​ប្រា​បាង (Cf. Robequain, 1929), នៅ​អភិ​រក្សដ្ឋាន​សៀមរាប (​ម​.​ត ១៩៩៣) និង នៅ​សារមន្ទីរ​ហ្គី​មេ​

បង្គោល​ចម្លាក់​ពិសិដ្ឋ​នេះ មាន​សារសំខាន់​ដូចគ្នា​ទៅ​និង​បង្គោល​នា​សម័យមុន​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័​ន​ទី​៧ គឺ​បង្ហាញ​នូវ​សក្តានុពល និង​មហិទ្ធិឫទ្ធិ​ដ៏​មហា​អស្ថារ្យ​របស់​ព្រះ​ពុទ្ធអង្គ ដែល​ជា​តម្រូវការ​របស់​ពុទ្ធសាសនិក​។ តែ​អ្វី​ដែល​យើង​ចង់​លើក​នៅ​ទីនេះ គឺ​ភាពស្រដៀងគ្នា​ទៅ​និង​បង្គោល​ព្រះ​វិស្ណុ​ទាំង ៩០០​ព្រះអង្គ នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា ដែល​ផ្តិត​ជាប់​ក្នុង​អារម្មណ៍​របស់​យើង​។

ចូរ​យើង​ទាំងអស់គ្នា​ត្រូវ​រក​មូលហេតុ ព្រោះថា ប្រភេទ​បង្គោល​ចម្លាក់​បែប​ពុទ្ធ​និយម​បែបនេះ​ពុំ​ធ្លាប់​ជួបប្រទះ​ក្នុង​វប្បធម៌​ខ្មែរ​មុន​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ឡើយ​។ ការបង្កើត​ចម្លាក់​បែបនេះ តាម​លំនាំ​នៃ​ចម្លាក់​ព្រះ​វិស្ណុ មាន​ចំនួន ៩០០​អង្គ ដោយ​អ្នក​មនោគមន៍​វិទ្យា​សាសនា​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​ជា​ព្រះ​ភិក្ខុសង្ឃ​មានបំណង​មិន​ចង់ឲ្យ​មាន​ការវិវាទ ឬ​រំលើង​ផ្នែក​ជំនឿ​សាសនា​។​
ពោល​គឺ ព្រះមហាក្សត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ប្រាថ្នា​ចង់ឲ្យ​មាន​សាមគ្គីភាព ឯកភាព និង​ភាពសុខសាន្ត​រវាង​ព្រាហ្មណ៍​សាសនិក និង​ពុទ្ធសាសនិក ដោយ​ទ្រង់​ឈ្វេងយល់​ថា កាលបើ​មាន​ជម្លោះ​សាសនា ពិតជា​មាន​ការបែកបាក់ បែកខ្ញែក​គ្នា ហើយ​សង្គម​ជាតិ​និង​ទទួល​នូវ​អសន្តិសុខ ហើយ​នឹង​មាន​វិនាសកម្ម​ពុំខាន​។ ម្យ៉ាងវិញទៀត ឧត្តមគតិ​នៃសា​សនាធំ​ទាំងពីរ​ខាងលើនេះ ដែល​ជា​ផ្នែក​មួយ​នៃ​ខឿនវប្បធម៌ ក៏​តែងតែ​មាន​កំណើត​ជាមួយ​មនុស្ស​ខ្មែរ និង​សង្គមជាតិ​ជានិច្ច​។​

តាមពិតទៅ ភាពស្រដៀងគ្នា​ផ្នែក​បដិមា​កម្ម ទាមទារ​ឲ្យ​យើង​ចោទ​ជា​សំណួរ​ថា តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​បណ្តាលឲ្យ​មាន​ការលេច​ធ្លោ​ប្រភេទ​ចម្លាក់​បែប​នេះ​ឡើង ក្នុងសម័យ​វប្បធម៌​បាយ័ន ដែល​មិន​ធ្លាប់​មាន​ពី​មុន​ទាល់តែសោះ​?

ដើម្បី​ឆ្លើយតប​និង​សំណួរ​នេះ យើង​ត្រូវ​ទទួលស្គាល់ថា ការ​ឆ្លាក់​ចំនួន​ព្រះពុទ្ធ​ទាំង​ប៉ុន្មាន​ខាងលើ​នេះ គឺជា​ការបង្កើត​ថ្មី​មួយ នា​សម័យ​វប្បធម៌​បាយ័ន ដោយ​ត្រាប់​តាម​រូបមន្ត​ព្រះ​វិស្ណុ ៩០០​អង្គ នា​ស​.​វ​ទី​១០ និង​ទី​១១​នៃ​គ​.​ស​។ ទង្វើ​នេះ តាមពិត​ទៅ​មិនមែន​ជា​រឿង​ចម្លែក​អ្វី​ទេ ព្រោះ​វា​ផ្សាភ្ជាប់​ជាមួយ​ទស្សនៈ​វិទ្យា​រួម​របស់​លទ្ធិ​សាសនា​ទាំងពីរ ហើយ​ម្យ៉ាងទៀត ចិត្តសាស្ត្រ​ស្តីពី​ផ្នត់គំនិត​របស់​សាសនិក​ក៏​មិន​ឃ្លាតឆ្ងាយ​ពី​គ្នា​ដែរ​។​

និយាយ​ដល់​ត្រង់នេះ គេ​អាច​លើក​ឧទាហរណ៍​ដ៏​សំខាន់ ជា​គំរូ​មួយទៀត​បង្ហាញ​នូវ​ទេពកោសល្យ​ខ្ពស់​របស់​វិចិត្រករ​ខ្មែរ គឹ​ការជំនួស​ព្រះ​ឥសូរ ដោយ​ចម្លាក់​ព្រះពុទ្ធ​អង្គ​នៅ​តាម​មូលនិធិ​សាសនា​ទូទាំង​ប្រទេស ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។​

ជា​សេចក្តីសន្និដ្ឋាន គឺ​ក្នុង​ក្របខណ្ឌ​នៃ​ការផ្លាស់ប្តូរ​មនោគមន៍​វិទ្យា​ពី​ព្រហ្មញ្ញសាសនា​ទៅជា​ព្រះពុទ្ធសាសនា​មហាយាន ដែល​ន​វា​នុវត្តនេះ​ត្រូវបាន​អនុវត្ត​ឡើង ដើម្បី​នាំមក​នូវ ឯកភាព សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ក្រោយពី​សង្គ្រាម​ខ្មែរ ចាម ដែល​ទើបតែ​បាន​កន្លងផុតទៅ​៕ (​ម​.​ត្រា​ណេ​)​

×