ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានណែនាំដល់សង្កាត់ទាំង១០៥ ចុះពិនិត្យមើលជាក់ស្តែងនៅតាមវត្តនីមួយៗនៅក្នុងមូលដ្ឋាន ក្រែងមានវត្តណាមួយជួបការខ្វះខាត សូមឱ្យយកចិត្តទុកដាក់ទំនុកបម្រុង បើគ្មានលទ្ធភាព សូមផ្តល់ព័ត៌មានអាជ្ញាធរខណ្ឌ និងរាជធានី ដើម្បីចាត់វិធានការទាន់ពេលវេលា ដោយមិនទុកឱ្យវត្តណាមួយ ដាច់ចង្ហាន់ដោយអាជ្ញាធរបានដឹងនោះឡើយ ក្នុងរដូវចូលព្រះវស្សានេះ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ប្រគេនទៀនព្រះវស្សាដល់វត្តទាំង១៥០វត្ត ទូទាំងរាជធានីភ្នំពេញ ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ត្រីមាសនៅក្នុងឆ្នាំ២០២០នេះ។
រៀងរាល់ឆ្នាំតាមគន្លងប្រពៃណីរបស់ព្រះពុទ្ធសាសនា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា អមដំណើរដោយលោកនិងលោកស្រី អភិបាលរងរាជធានីភ្នំពេញអភិបាល និងអភិបាលរងខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីក្រោមឱវាទសាលារាជធានីភ្នំពេញ បានប្រគល់ជូនដល់អភិបាលខណ្ឌទាំង១៤ ដើម្បីអភិបាលខណ្ឌបន្តប្រគេនទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមវត្តចំនួន១៥០វត្ត ទូទាំងរាជធានីភ្នំពេញ ដើម្បីជួយទំនុកបម្រុង និងបង្កលក្ខណៈងាយស្រួលសម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ ។
ឆ្លៀតក្នុងឱកាសនោះ លោកឃួង ស្រេង បានថ្លែងថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទ មានជីវភាពធូរធាបានចូលរួមកសាងទីវត្តអារ៉ាម ឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ លោក បន្តថា សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតី ទទួលខុសត្រូវខ្ពស់ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ លោកក៏បានស្នើសុំឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលរបស់ជាតិយើងឲ្យបានគង់វង្ស ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។
ជាមួយគ្នានេះដែរ លោកអភិបាលរាជធានី បានណែនាំដល់អភិបាលខណ្ឌទាំងអស់ បន្តផ្សព្វផ្សាយបញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ឲ្យបានជាប្រចាំដល់ប្រជាពលដ្ឋក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគេបានយល់ដឹង និងមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការការពារខ្លួន ក្រុមគ្រួសារ និងអ្នកដទៃនៅក្នុងសហគមន៍ផងដែរ ។ លោកក៏បានសូមបិណ្ឌបាត្រចៅអធិការវត្តទាំងអស់ សុំកុំជួបជុំបែបសាសនាធំ ឬមនុស្សច្រើនពេក ល្មមតូចបានហើយ ការពារការឆ្លងរាលដាលដោយជំងឺកូវីដ។
ក្នុងនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់សង្កាត់ទាំង១០៥ ចុះពិនិត្យមើលជាក់ស្តែងនៅតាមវត្តនីមួយៗនៅក្នុងមូលដ្ឋាន ក្រែងមានវត្តណាមួយជួបការខ្វះខាត សូមឱ្យយកចិត្តទុកដាក់ទំនុកបម្រុង បើគ្មានលទ្ធភាព សូមផ្តល់ព័ត៌មានអាជ្ញាធរខណ្ឌ និងរាជធានី ដើម្បីចាត់វិធានការទាន់ពេលវេលា ដោយមិនទុកឱ្យវត្តណាមួយ ដាច់ចង្ហាន់ដោយអាជ្ញាធរបានដឹងនោះឡើយក្នុងរដូវចូលព្រះវស្សានេះ។
ក្នុងកម្មវិធីនោះលោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានប្រគេនទានព្រះវស្សាទាំង១៥០វត្តនេះ ក្នុង១វត្តៗទទួលបានបច្ច័យ១០ម៉ឺនរៀល ទៀនវស្សា១គូ សាដក១កញ្ចប់ អង្ករ ចំនួន១០០គីឡូក្រាម ប្រេងមួយកាន ចំណុះ៣០លីត្រ ស្ករស១បាវទម្ងន់២៥គីឡូក្រាម ទឹកដោះគោចំនួន១កេស៤៨កំប៉ុង ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស មី២កេស៕
ដោយ៖កូឡាប