ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ ពាក់ព័ន្ធករណីរំលោភដីសាធារណរបស់រដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរី ។
បន្ទាប់ពីសាកសួរយកចម្លើយ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនលោក សេង សុវណ្ណារ៉ាទៅកាន់តុលាការ។
នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានកោះអញ្ជើញលោក សេង សុវណ្ណារ៉ា ឲ្យចូលខ្លួនមកបំភ្លឺនៅក្នុងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយត្រូវបានឃាត់ខ្លួនតែម្តង នៅរសៀលថ្ងៃទី២៦មិថុនា ករណីរំលោភលើដីសាធារណៈរបស់រដ្ឋប្រមាណ១ពាន់ហិកតា នៅខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា លោក សេង សុវណ្ណារ៉ា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់តំណែងពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកតំណែងលោក សេង សុវណ្ណារ៉ា ចេញពីក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តមណ្ឌលគិរី បន្ទាប់ពីផ្ទុះរឿងរ៉ាវពាក់ព័ន្ធការរំលោភយកដីរដ្ឋប្រមាណ ១ពាន់ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕
ដោយ៖កូឡាប