ភ្នំពេញ ៖ លោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសញុះញង់បង្កឱ្យមានភាពវឹងវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
នៅថ្ងៃទី២៥ មិថុនា ២០២០នេះ សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួនលោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរ ហើយបានបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
លោកសេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានចេញដីបញ្ជាឲ្យចូលខ្លួន លោក រស់ សុឃិត និងបង្ហាញខ្លួននៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីសាកសួរពីដំណើររឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
ព្រះរាជអាជ្ញារង ក៏បានចេញបញ្ជាបង្គាប់មកកម្លាំងមានសមត្ថកិច្ចឲ្យនាំខ្លួនបុគ្គលឈ្មោះ រស់ សុឃិត ភេទប្រុស អាយុ៤១ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ ១៣៩ -១២ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរ ចាងហ្វាយកាសែតជាតិខ្មែរ ៕
ដោយ៖បញ្ញាស័ក្តិ