ខេត្តស្វាយរៀង : គណៈកម្មការវេចខ្ចប់ និងបំផ្លាញគ្រឿងញៀនថ្នាក់ខេត្ត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានវេចខ្ចប់សារធាតុញៀនដែលបានដកហូតពីបទល្មើសគ្រឿងញៀន ចំនួន ៦៤សំណុំរឿង គិតចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា គ្រឿងញៀនទាំងមានចំនួន ៦៤សំណុំរឿង មានទម្ងន់៥០៦,៣៨ក្រាម ស្ថិតក្រោមការគ្រប់គ្រង់របស់សាលាដំបូងខេត្តស្វាយរៀង ដើម្បីបញ្ជូនទៅគណៈកម្មការថ្នាក់ជាតិ និងត្រៀមប្រារព្ធកម្មវិធីការដុតបំផ្លាញចោលគ្រឿងញៀនឲ្យត្រូវតាមនីតិវិធី ដែលដឹកនាំដោយលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងជាប្រធានគណៈកម្មការវេចខ្ចប់ និងបំផ្លាញគ្រឿងញៀនថ្នាក់ខេត្ត លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត និងជាអនុប្រធានគណៈកម្មការវេចខ្ចប់ និងបំផ្លាញគ្រឿងញៀនថ្នាក់ខេត្ត នៅសាលាដំបូងខេត្ត ដោយមានការចូលរួមពីលោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសមាជិកគណៈកម្មការវេចខ្ចប់ និងបំផ្លាញគ្រឿងញៀនថ្នាក់ខេត្ត៕
ដោយ៖វ៉ៃកូ